22. សត្រូវមកវាយប្រហារដូចខ្លែងសំកាំងស្លាបលើក្រុងបូសរ៉ានៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាចនៃជនជាតិអេដុម នឹងឈឺចុកចាប់ដូចស្ត្រីហៀបនឹងសម្រាលកូន»។
23. នេះជាព្រះបន្ទូលស្ដីអំពីក្រុងដាម៉ាស់។«អ្នកក្រុងហាម៉ាត់ និងអ្នកក្រុងអើផាតត្រូវអាម៉ាស់ ដ្បិតពួកគេទទួលដំណឹងមិនល្អពួកគេញ័ររន្ធត់យ៉ាងខ្លាំងពួកគេអន្ទះអន្ទែងដូចទឹកសមុទ្រពុះកញ្ជ្រោលគ្មាននរណាអាចធ្វើឲ្យស្ងប់បានឡើយ។
24. អ្នកក្រុងដាម៉ាស់ធ្លាក់ទឹកចិត្តហើយបែរក្រោយ ដើម្បីរត់គេចខ្លួនពួកគេភ័យតក់ស្លុតឈឺចុកចាប់អន្ទះអន្ទែងដូចស្ត្រីហៀបនឹងសម្រាលកូន។
25. តើក្រុងដ៏ល្បីល្បាញ ក្រុងដ៏សប្បាយនេះត្រូវគេបោះបង់ចោលមែនឬ?
26. នៅថ្ងៃនោះ ពួកយុវជនដួលស្លាប់នៅតាមផ្លូវទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
27. យើងនឹងដុតកំពែងក្រុងដាម៉ាស់ហើយភ្លើងនោះនឹងឆេះបំផ្លាញវិមានរបស់ស្ដេចបេនហាដាដ»។
28. នេះជាព្រះបន្ទូលស្ដីអំពីស្រុកកេដារ និងនគរទាំងប៉ុន្មាននៅហាសោរ ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន វាយយកបាន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរក្រោកឡើង ទៅវាយលុកស្រុកកេដារចូរកម្ទេចពួកអ្នកស្រុកខាងកើតនោះឲ្យអន្តរាយទៅ!
29. ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗឥវ៉ាន់ និងហ្វូងអូដ្ឋរបស់ពួកគេដែរ។ចូរស្រែកដាក់ពួកគេថាការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង!
30. អ្នកស្រុកហាសោរអើយចូរនាំគ្នារត់គេចខ្លួនយ៉ាងលឿនហើយពួនក្នុងរូងភ្នំទៅ!ដ្បិតនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនបានសម្រេចរៀបចំគម្រោងការវាយប្រហារអ្នករាល់គ្នាហើយ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31. ចូរក្រោកឡើងទៅវាយលុកប្រជាជាតិដែលរស់នៅយ៉ាងសុខសាន្ត គ្មានកង្វល់អ្វី- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -ដ្បិតទីលំនៅរបស់គេ គ្មានទ្វារ គ្មានរនុកទេគេរស់នៅដាច់តែឯង។
32. ខ្មាំងសត្រូវនឹងដណ្ដើមយកហ្វូងអូដ្ឋរបស់ពួកគេព្រមទាំងរឹបអូសយកហ្វូងសត្វដ៏ច្រើនរបស់ពួកគេ ទុកជាជយភ័ណ្ឌទៀតផង។យើងនឹងកំចាត់ប្រជាជនដែលកោរជើងសក់ឲ្យខ្ចាត់ខ្ចាយទៅគ្រប់ទិសតំបន់យើងនឹងធ្វើឲ្យទុក្ខវេទនាពីគ្រប់ទិសទីកើតមានដល់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
33. ស្រុកហាសោរនឹងក្លាយទៅជា ជម្រករបស់ឆ្កែព្រៃជាទីស្មសានរហូតតទៅគឺនឹងគ្មានប្រជាជនរស់នៅហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យនៅទៀតដែរ»។
34. នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា ស្ដីអំពីស្រុកអេឡាំដូចតទៅ: