11. “កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយខ្ញុំនឹងចិញ្ចឹមពួកវាប្រពន្ធរបស់អ្នកដែលនៅមេម៉ាយក៏អាចទុកចិត្តលើខ្ញុំដែរ”»។
12. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក!
13. យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជាជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ក្រុងឯទៀតៗដែលនៅជុំវិញក្រុងបូសរ៉ា នឹងក្លាយទៅជាគំនរបាក់បែករហូតតទៅ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14. ព្រះអម្ចាស់ប្រទានដំណឹងមកខ្ញុំព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅប្រកាសហៅប្រជាជាតិនានាថាចូរប្រមូលគ្នាមកប្រហារស្រុកអេដុមចូរក្រោកឡើង វាយលុកស្រុកនេះទៅ!
15. «អេដុមអើយ យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយតូចជាងគេជាប្រជាជាតិដែលមនុស្សលោកមើលងាយ។
16. ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯងតែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេអ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នកឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដីក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
17. «ស្រុកអេដុមនឹងវិនាសហិនហោច អស់អ្នកដែលដើរក្បែរនោះនឹងព្រឺសម្បុរ ហើយស្រឡាំងកាំង ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។
18. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្រុកអេដុមប្រៀបបាននឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងក្រុងឯទៀតៗនៅជុំវិញ ដែលត្រូវវិនាសអន្តរាយ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យនៅដែរ។
19. សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណាយើងក៏នឹងធ្វើឲ្យប្រជាជនរត់ចេញពីស្រុកអេដុមរហ័សយ៉ាងនោះដែរ។យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបានជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។តើមាននរណាអាចផ្ទឹមស្មើនឹងយើង?តើនរណាហ៊ានប្ដឹងយើង?តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»។
20. ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែល ព្រះអម្ចាស់សម្រេចធ្វើចំពោះស្រុកអេដុមនិងគម្រោងការដែលព្រះអង្គគ្រោងទុកដើម្បីដាក់ទោសអ្នកក្រុងថេម៉ាន!សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅដូចកូនចៀមដែលគេកៀរយកទៅព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេឲ្យហិនហោចទៀតផង។
21. ពេលស្រុកអេដុមរលំ ផែនដីក៏កក្រើកសម្រែករបស់គេលាន់ឮរហូតដល់សមុទ្រកក់។