30. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្គាល់ឫករបស់ម៉ូអាប់ ហើយអ្វីៗដែលគេនិយាយអួតអាង គ្មានបានការទេ អ្វីៗដែលគេធ្វើ ក៏គ្មានបានការដែរ»។
31. ហេតុនេះហើយបានជាយើងយំហើយសោកសង្រេងស្រណោះម៉ូអាប់ទាំងមូលព្រមទាំងថ្ងូរ ព្រោះតែអ្នកស្រុកគារ-ហារ៉ាសែត។
32. ចម្ការទំពាំងបាយជូរនៅស៊ីបម៉ាអើយយើងនឹងយំស្រណោះអ្នកជាងយំស្រណោះអ្នកក្រុងយ៉ាស៊ើរទៅទៀតមែករបស់អ្នកលូតហួសសមុទ្រហើយហួសយ៉ាស៊ើរ។ប៉ុន្តែ មេបំផ្លាញបានកម្ទេចភោគផលនិងផ្លែទំពាំងបាយជូររបស់អ្នក។
33. អំណរសប្បាយ និងការរីករាយចេញបាត់ពីចម្ការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុងហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរទាំងស្រែកយ៉ាងសប្បាយទៀតដែរផ្ទុយទៅវិញ មានតែសម្រែកវេទនាប៉ុណ្ណោះ។
34. សម្រែករបស់អ្នកក្រុងហេសបូន លាន់ឮទៅដល់ក្រុងអេឡាឡេ គេបន្លឺសំឡេងឮរហូតទៅដល់ក្រុងយ៉ាហាស់។ សម្រែករបស់ពួកគេលាន់ឮពីក្រុងសូអារ រហូតដល់ក្រុងអេក្លាត-សេលីស៊ីយ៉ា ដ្បិតប្រភពទឹកនៅនីមរីមរីងស្ងួតអស់។
35. «យើងនឹងលែងឲ្យមានជនជាតិម៉ូអាប់ឡើងទៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីដុតគ្រឿងក្រអូបបូជាព្រះរបស់ខ្លួនទៀតហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
36. ហេតុនេះបានជាយើងស្រណោះស្រណោកជនជាតិម៉ូអាប់ ហើយយើងក៏ស្រណោះស្រណោកអ្នកក្រុងគារ-ហារ៉ាសែតដែរ ដ្បិតអ្វីៗដែលពួកគេខំសន្សំត្រូវវិនាសអស់។
37. ពួកគេកោរសក់ កោរពុកមាត់ទាំងអស់គ្នា ហើយឆូតដៃរបស់ខ្លួនគ្រប់ៗគ្នា ព្រមទាំងស្លៀកបាវកាន់ទុក្ខផង។
38. នៅតាមដំបូលផ្ទះទាំងអស់ និងនៅតាមផ្លូវមានឮសូរតែសំណោកកាន់ទុក្ខ ព្រោះយើងបានបំបែកម៉ូអាប់ ដូចថូដែលគេលែងពេញចិត្ត -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
39. ចូរនាំគ្នាស្រែកយំទៅ ព្រោះម៉ូអាប់រលំហើយ! ម៉ូអាប់ងាកមុខចេញដោយអាម៉ាស់ ប្រជាជាតិទាំងអស់នៅជុំវិញ នាំគ្នាសើចចំអកឲ្យម៉ូអាប់ ព្រមទាំងស្រឡាំងកាំងទៀតផង»។
40. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «សត្រូវមកវាយប្រហារស្រុកម៉ូអាប់ ដូចខ្លែងសំកាំងស្លាប រេពីលើ។
41. គេវាយយកបានក្រុងកេរីយ៉ូតព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាចនៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់ដូចស្ត្រីហៀបនឹងសម្រាលកូន។
42. ម៉ូអាប់នឹងត្រូវវិនាសលែងមានឈ្មោះជាប្រជាជនមួយទៀតហើយព្រោះគេបានលើកខ្លួនឡើងប្រឆាំងនឹងព្រះអម្ចាស់។
43. ប្រជាជនស្រុកម៉ូអាប់អើយអ្នករាល់គ្នាមុខតែភ័យខ្លាច ធ្លាក់រណ្ដៅនិងជាប់អន្ទាក់ជាមិនខាន!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
44. អ្នកដែលរត់គេចពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅអ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់ដ្បិតយើងធ្វើឲ្យឆ្នាំដែលត្រូវដាក់ទោសម៉ូអាប់ មកដល់ហើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
45. ជនភៀសខ្លួនដែលអស់កម្លាំងរត់មកជ្រកនៅហេសបូន ជាក្រុងដែលស្ដេចស៊ីហុនធ្លាប់គ្រប់គ្រងកាលពីដើមតែមានភ្លើងឆាបឆេះកណ្ដាលក្រុងហើយឆេះរាលដាលទៅដល់ព្រំប្រទល់និងតាមកំពូលភ្នំរបស់ស្រុកម៉ូអាប់ដែលជាពូជអ្នកចំបាំងនេះ។
46. ជនជាតិម៉ូអាប់អើយ អ្នកវេទនាហើយប្រជាជនដែលគោរពព្រះកេម៉ូសត្រូវអន្តរាយជាមិនខានដ្បិតកូនប្រុសកូនស្រីរបស់អ្នកត្រូវគេកៀរយកទៅជាឈ្លើយ។
47. ប៉ុន្តែ នៅគ្រាចុងក្រោយយើងនឹងស្ដារស្រុកម៉ូអាប់ឡើងវិញ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ការវិនិច្ឆ័យទោសជនជាតិម៉ូអាប់ចប់តែត្រឹមណេះ។