28. ប្រជាជនស្រុកម៉ូអាប់អើយចូរនាំគ្នាបោះបង់ចោលទីក្រុងហើយទៅរស់នៅតាមក្រហែងថ្មដូចសត្វព្រាបធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ!
29. យើងបានឮគេនិយាយថាម៉ូអាប់មានអំនួតខ្លាំងពន់ពេកណាស់គេវាយឫក ព្រហើន ប្រកាន់ខ្លួននិងមានចិត្តឆ្មើងឆ្មៃខ្លាំងណាស់»។
30. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្គាល់ឫករបស់ម៉ូអាប់ ហើយអ្វីៗដែលគេនិយាយអួតអាង គ្មានបានការទេ អ្វីៗដែលគេធ្វើ ក៏គ្មានបានការដែរ»។
31. ហេតុនេះហើយបានជាយើងយំហើយសោកសង្រេងស្រណោះម៉ូអាប់ទាំងមូលព្រមទាំងថ្ងូរ ព្រោះតែអ្នកស្រុកគារ-ហារ៉ាសែត។
32. ចម្ការទំពាំងបាយជូរនៅស៊ីបម៉ាអើយយើងនឹងយំស្រណោះអ្នកជាងយំស្រណោះអ្នកក្រុងយ៉ាស៊ើរទៅទៀតមែករបស់អ្នកលូតហួសសមុទ្រហើយហួសយ៉ាស៊ើរ។ប៉ុន្តែ មេបំផ្លាញបានកម្ទេចភោគផលនិងផ្លែទំពាំងបាយជូររបស់អ្នក។
33. អំណរសប្បាយ និងការរីករាយចេញបាត់ពីចម្ការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុងហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរទាំងស្រែកយ៉ាងសប្បាយទៀតដែរផ្ទុយទៅវិញ មានតែសម្រែកវេទនាប៉ុណ្ណោះ។
34. សម្រែករបស់អ្នកក្រុងហេសបូន លាន់ឮទៅដល់ក្រុងអេឡាឡេ គេបន្លឺសំឡេងឮរហូតទៅដល់ក្រុងយ៉ាហាស់។ សម្រែករបស់ពួកគេលាន់ឮពីក្រុងសូអារ រហូតដល់ក្រុងអេក្លាត-សេលីស៊ីយ៉ា ដ្បិតប្រភពទឹកនៅនីមរីមរីងស្ងួតអស់។
35. «យើងនឹងលែងឲ្យមានជនជាតិម៉ូអាប់ឡើងទៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីដុតគ្រឿងក្រអូបបូជាព្រះរបស់ខ្លួនទៀតហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
36. ហេតុនេះបានជាយើងស្រណោះស្រណោកជនជាតិម៉ូអាប់ ហើយយើងក៏ស្រណោះស្រណោកអ្នកក្រុងគារ-ហារ៉ាសែតដែរ ដ្បិតអ្វីៗដែលពួកគេខំសន្សំត្រូវវិនាសអស់។
37. ពួកគេកោរសក់ កោរពុកមាត់ទាំងអស់គ្នា ហើយឆូតដៃរបស់ខ្លួនគ្រប់ៗគ្នា ព្រមទាំងស្លៀកបាវកាន់ទុក្ខផង។