23. ក្រុងគារយ៉ាថែម ក្រុងបេតកាមូល ក្រុងបេតមេយ៉ូន
24. ក្រុងកេរីយ៉ុត ក្រុងបូសរ៉ា ក្រុងទាំងប៉ុន្មាននៃស្រុកម៉ូអាប់ ទាំងជិតទាំងឆ្ងាយ។
25. អំណាចរបស់ម៉ូអាប់ត្រូវរលំហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
26. ចូរបង្អកម៉ូអាប់ឲ្យស្រវឹងទៅ ព្រោះគេបានបះបោរប្រឆាំងនឹងព្រះអម្ចាស់ ម៉ូអាប់កំពុងននៀលក្នុងកំអួតរបស់ខ្លួន ហើយត្រូវមនុស្សម្នាសើចចំអកឲ្យ។
27. ម៉ូអាប់អើយ ពីមុនអ្នកធ្លាប់សើចចំអកឲ្យអ៊ីស្រាអែល អ្នកងក់ក្បាលឡកឡឺយ ធ្វើហាក់ដូចជាអ៊ីស្រាអែលស្ថិតនៅក្នុងចំណោមចោរដែលគេចាប់បាន។
28. ប្រជាជនស្រុកម៉ូអាប់អើយចូរនាំគ្នាបោះបង់ចោលទីក្រុងហើយទៅរស់នៅតាមក្រហែងថ្មដូចសត្វព្រាបធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ!
29. យើងបានឮគេនិយាយថាម៉ូអាប់មានអំនួតខ្លាំងពន់ពេកណាស់គេវាយឫក ព្រហើន ប្រកាន់ខ្លួននិងមានចិត្តឆ្មើងឆ្មៃខ្លាំងណាស់»។
30. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្គាល់ឫករបស់ម៉ូអាប់ ហើយអ្វីៗដែលគេនិយាយអួតអាង គ្មានបានការទេ អ្វីៗដែលគេធ្វើ ក៏គ្មានបានការដែរ»។