2. ស្រុកម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះនៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា“ទៅ! យើងនាំគ្នាលុបក្រុងនេះឲ្យបាត់ពីចំណោមប្រជាជាតិទាំងឡាយ!”រីឯក្រុងម៉ាដម៉េនក៏ដូច្នោះដែរអ្នកនឹងត្រូវកម្ទេចឲ្យទៅជាទីស្ងាត់ជ្រងំហើយដាវតាមប្រហារអ្នកពីក្រោយ។
3. មានសម្រែកលាន់ឮឡើងពីក្រុងហូរ៉ូណែមដែលត្រូវគេកម្ទេច និងបំផ្លាញទាំងស្រុង។
4. ស្រុកម៉ូអាប់បែកហើយសម្រែកប្រជាជនក៏លាន់ឮឡើងដែរ។
5. ពួកគេនាំគ្នាឡើងទៅក្រុងលូគិត ទាំងយំសោកបច្ចាមិត្តរបស់ពួកគេចុះទៅកាន់ក្រុងហូរ៉ូណែម ទាំងស្រែកហ៊ោ។
6. ចូរនាំគ្នារត់គេច ដើម្បីឲ្យបានរួចជីវិតហើយទៅរស់នៅតាមវាលរហោស្ថានដូចគុម្ពបន្លា!។
7. ម៉ូអាប់អើយ ហេតុការណ៍នេះកើតមានដូច្នេះមកពីអ្នកទុកចិត្តលើស្នាដៃនិងលើទ្រព្យសម្បត្តិរបស់ខ្លួនអ្នកនឹងត្រូវខ្មាំងវាយយកបានរីឯកេម៉ូសជាព្រះរបស់អ្នកក៏ត្រូវគេចាប់យកទៅជាឈ្លើយសឹកជាមួយពួកបូជាចារ្យ និងពួកមន្ត្រីដែរ។
8. មេបំផ្លាញនឹងចូលទៅក្នុងក្រុងនីមួយៗគ្មានក្រុងណាមួយគេចផុតឡើយអ្វីៗនៅតាមជ្រលងភ្នំ និងនៅតាមវាលទំនាបនឹងត្រូវវិនាសអន្តរាយទាំងអស់។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. ចូររៀបចំផ្នូរឲ្យម៉ូអាប់ទៅដ្បិតស្រុកនេះត្រូវអន្តរាយហើយ!ក្រុងទាំងឡាយនៅស្រុកម៉ូអាប់នឹងត្រូវកម្ទេចឲ្យវិនាសហិនហោចគ្មានប្រជាជនរស់នៅទៀតឡើយ។
10. អ្នកណាបំពេញកិច្ចការរបស់ព្រះអម្ចាស់ដោយខ្ជីខ្ជា គឺពុំបានធ្វើឲ្យដាវរបស់ខ្លួនប្រឡាក់ជោកទៅដោយឈាមទេអ្នកនោះត្រូវបណ្ដាសាជាពុំខាន!
11. តាំងពីក្មេងរៀងមក ម៉ូអាប់ពុំដែលមានកង្វល់អ្វីទាល់តែសោះគេសម្រាកយ៉ាងស្រួល ឥតដែលមាននរណាដឹកយកទៅជាឈ្លើយសឹកឡើយ។គេប្រៀបដូចជាស្រាដែលគ្មាននរណាផ្ទេរទៅដបផ្សេងទេ តែស្ថិតនៅក្នុងដបដដែលហើយរក្សារសជាតិដើម ឥតដូរសោះ។
12. ហេតុនេះ នៅគ្រាខាងមុខ យើងនឹងចាត់មនុស្សឲ្យមកផ្ទេរម៉ូអាប់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នកទាំងនោះនឹងចាក់ម៉ូអាប់ចេញពីដប ហើយបំបែកពាងរបស់ពួកគេចោល។
13. ម៉ូអាប់មុខជាខកចិត្តនឹងកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រាអែលខកចិត្តនឹងបេតអែល ជាទីពឹងផ្អែករបស់ពួកគេដែរ។
14. អ្នកស្រុកម៉ូអាប់អើយ ហេតុដូចម្ដេចបានជាអ្នករាល់គ្នាហ៊ានពោលថា“យើងខ្ញុំជាទាហានដ៏ខ្លាំងពូកែយើងខ្ញុំជាពូជអ្នកចំបាំង” ដូច្នេះ?
15. មេបំផ្លាញស្រុកម៉ូអាប់ឡើងទៅវាយសម្រុកក្រុងនានានៅស្រុកនោះយុវជនដ៏ខ្លាំងពូកែរបស់ពួកគេនឹងត្រូវខ្មាំងយកទៅសម្លាប់នៅទីសត្តឃាត។- នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រដែលមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។