13. ម៉ូអាប់មុខជាខកចិត្តនឹងកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រាអែលខកចិត្តនឹងបេតអែល ជាទីពឹងផ្អែករបស់ពួកគេដែរ។
14. អ្នកស្រុកម៉ូអាប់អើយ ហេតុដូចម្ដេចបានជាអ្នករាល់គ្នាហ៊ានពោលថា“យើងខ្ញុំជាទាហានដ៏ខ្លាំងពូកែយើងខ្ញុំជាពូជអ្នកចំបាំង” ដូច្នេះ?
15. មេបំផ្លាញស្រុកម៉ូអាប់ឡើងទៅវាយសម្រុកក្រុងនានានៅស្រុកនោះយុវជនដ៏ខ្លាំងពូកែរបស់ពួកគេនឹងត្រូវខ្មាំងយកទៅសម្លាប់នៅទីសត្តឃាត។- នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រដែលមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
16. មហន្តរាយរបស់ម៉ូអាប់ជិតមកដល់ហើយទុក្ខវេទនារបស់ពួកគេនៅជិតបង្កើយ។
17. ប្រជាជនទាំងឡាយដែលនៅជិតខាងហើយស្គាល់ឈ្មោះម៉ូអាប់យ៉ាងច្បាស់អើយចូរនាំគ្នាមកជួយរំលែកទុក្ខម៉ូអាប់ដោយពោលថា “ហេតុអ្វីបានជាមហាអំណាចត្រូវរលំបែបនេះ?”។
18. ប្រជាជនក្រុងឌីបូនអើយចូរលះបង់ភាពរុងរឿងរបស់ខ្លួនហើយអង្គុយនៅលើដីហួតហែងទៅដ្បិតមេបំផ្លាញស្រុកម៉ូអាប់កំពុងតែឡើងមកវាយអ្នកគេនឹងបំផ្លាញកំពែងដ៏រឹងមាំរបស់អ្នក។
19. ប្រជាជនក្រុងអារ៉ូអ៊ើរអើយចូរទៅឈរនៅតាមផ្លូវ ហើយចាំឃ្លាំមើលទៅចូរសាកសួរអ្នកដែលរត់រួចខ្លួនថាតើមានហេតុការណ៍អ្វីកើតឡើង?
20. ម៉ូអាប់ត្រូវអាម៉ាស់ ដ្បិតស្រុកនេះរលំហើយចូរនាំគ្នាស្រែកឲ្យអស់ទំហឹងចូរប្រកាសនៅតាមស្ទឹងអើណូនថាស្រុកម៉ូអាប់វិនាសហិនហោចហើយ!
21. ការវិនិច្ឆ័យទោសមកដល់ស្រុកនៅតំបន់វាលទំនាបហើយ គឺក្រុងហូឡូន ក្រុងយ៉ាហាស និងក្រុងមេផាត
22. ក្រុងឌីបូន ក្រុងនេបូ ក្រុងបេត-ឌីប្លាថែម
23. ក្រុងគារយ៉ាថែម ក្រុងបេតកាមូល ក្រុងបេតមេយ៉ូន
24. ក្រុងកេរីយ៉ុត ក្រុងបូសរ៉ា ក្រុងទាំងប៉ុន្មាននៃស្រុកម៉ូអាប់ ទាំងជិតទាំងឆ្ងាយ។
25. អំណាចរបស់ម៉ូអាប់ត្រូវរលំហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
26. ចូរបង្អកម៉ូអាប់ឲ្យស្រវឹងទៅ ព្រោះគេបានបះបោរប្រឆាំងនឹងព្រះអម្ចាស់ ម៉ូអាប់កំពុងននៀលក្នុងកំអួតរបស់ខ្លួន ហើយត្រូវមនុស្សម្នាសើចចំអកឲ្យ។
27. ម៉ូអាប់អើយ ពីមុនអ្នកធ្លាប់សើចចំអកឲ្យអ៊ីស្រាអែល អ្នកងក់ក្បាលឡកឡឺយ ធ្វើហាក់ដូចជាអ៊ីស្រាអែលស្ថិតនៅក្នុងចំណោមចោរដែលគេចាប់បាន។