យេរេមា 46:1-11 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ប្រជា‌ជាតិ​ទាំង‌ឡាយ។

2. នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​ផារ៉ោន‌នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប ស្ថិត​នៅ​ក្រុង​កើកេ‌មីស​ជិត​ទន្លេ​អឺប្រាត ហើយ​ច្បាំង​ចាញ់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេស៊ីប និង​កង‌ទ័ព​របស់​ព្រះ‌ចៅ​ផារ៉ោន‌នេកោ​ដូច​ត​ទៅ៖

3. «ពួក​មេ‌ទ័ព​អេស៊ីប​ស្រែក​ឡើង​ថា:ចូរ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​តូច ឬ​ធំចូរ​រៀបចំ​ខ្លួន​ចូល​ច្បាំង!

4. ទ័ព​សេះ​ត្រូវ​ចង​បង្ហៀរ​សេះហើយ​ឡើង​ជិះ​ទៅ!ចូរ​តំរៀប​គ្នា​ជា​ជួរ ពាក់​មួក​ដែកសំលៀង​មុខ​លំពែង ហើយ​ពាក់​អាវ‌ក្រោះ​ទៅ!

5. ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​យើង​ឃើញ​ពួក​គេធ្លាក់​ទឹក​ចិត្ត​ដូច្នេះ?ពួក​គេ​នាំ​គ្នា​ដក​ទ័ព​ថយទាហាន​ដ៏​ខ្លាំង​ពូកែ​ត្រូវ​ខ្មាំង​សម្លាប់ពួក​គេ​បាក់​ទ័ព​រត់ ឥត​បែរ​ក្រោយ​ឡើយការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

6. អ្នក​រត់​លឿន​ពុំ​អាច​រត់​រួច​ខ្លួន​ឡើយ!អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​ដែរ!នៅ​ទិស​ខាង​ជើងពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។

7. តើ​នរណា​ប្រៀប​ដូច​ទន្លេ​នីល​ជន់‌ជោរ​ឡើងហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង?

8. គឺ​ស្រុក​អេស៊ីប​នេះ​ហើយ​ដែល​ប្រៀប​ដូចទន្លេ​នីល​ជន់‌ជោរ​ឡើងហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំងដ្បិត​គេ​ពោល​ថា:ខ្ញុំ​នឹង​ជន់​ឡើង​លិច​ផែនដី ខ្ញុំ​នឹង​វាយ​ក្រុងព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់​ឲ្យ​វិនាស។

9. ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សម្រុក​ទៅ!រទេះ​ចំបាំង ចូរ​សម្រុក​ទៅ​មុខ​យ៉ាង​លឿន!ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ស្រុក​អេត្យូ‌ពី ស្រុក​ពូធដែល​ជា​អ្នក​កាន់​ខែលនិង​ទាហាន​ពី​ស្រុក​លូឌ​ដែល​ជា​អ្នក​បាញ់​ព្រួញចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ!

10. ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់សង‌សឹក​ខ្មាំង​សត្រូវ។មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់នៃ​ពិភព​ទាំង​មូល ធ្វើ​យញ្ញ‌បូជានៅ​ស្រុក​ខាង​ជើងតាម​មាត់​ទន្លេ​អឺប្រាត។

11. ជន‌ជាតិ​អេស៊ីប​អើយចូរ​ឡើង​ទៅ​ស្រុក​កាឡាដ​រក​ប្រេង​មក​រឹតទើប​បាន​ធូរ​ស្បើយ!តែ​ត្រូវ​ដឹង​ថា មិន​បាច់​ខំ​ប្រឹង​រក​ថ្នាំ​ច្រើន​មុខ​ទេព្រោះ​គ្មាន​ថ្នាំ​ណា​ស័ក្ដិ‌សិទ្ធិជួយ​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​ឡើយ។

យេរេមា 46