13. យើងនឹងដាក់ទោសអស់អ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចយើងបានដាក់ទោសអ្នកក្រុងយេរូសាឡឹម ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគដែរ។
14. ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និងរស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្ដី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។
15. អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅលោកយេរេមាវិញថា៖
16. «ទោះបីលោកមានប្រសាសន៍មកយើងក្នុងនាមព្រះអម្ចាស់ក្ដី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់លោកដែរ។
17. យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រីនៅស្ថានសួគ៌ដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។
18. ប៉ុន្តែ តាំងពីយើងឈប់ដុតគ្រឿងក្រអូប និងឈប់ច្រួចស្រាសែនម្ចាស់ក្សត្រីនៅស្ថានសួគ៌ យើងខ្វះខាតសព្វគ្រប់ ព្រមទាំងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស»។
19. ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាថ្វាយម្ចាស់ក្សត្រីនៅស្ថានសួគ៌នោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំថ្វាយព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។