1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ស្ដីអំពីជនជាតិយូដាទាំងអស់ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងថាផ្នេស ក្រុងណូប និងនៅស្រុកប៉ាត្រូស ដូចតទៅ:
2. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើឲ្យកើតមាននៅក្រុងយេរូសាឡឹម និងនៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃ ក្រុងទាំងនោះនៅសល់តែគំនរបាក់បែក គ្មានប្រជាជនរស់នៅទេ។
3. ហេតុការណ៍ទាំងនេះកើតមានមកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបម្រើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំឲ្យយើងខឹងនឹងពួកគេ។
4. យើងបានចាត់អ្នកបម្រើទាំងប៉ុន្មានរបស់យើង គឺពួកព្យាការី ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា“កុំប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។
5. ប៉ុន្តែ ពួកគេពុំបានត្រងត្រាប់ស្ដាប់ ហើយងាកចេញពីអំពើអាក្រក់ទេ ពួកគេមិនព្រមឈប់ដុតគ្រឿងក្រអូបសែនព្រះដទៃឡើយ។
6. កំហឹងរបស់យើងក៏ឆេះឆួលឡើង ដូចភ្លើងឆេះកម្ទេចក្រុងនានា នៅស្រុកយូដា និងផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម ឲ្យនៅសល់តែគំនរបាក់បែក និងក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។
7. ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ចេញពីស្រុកយូដា ធ្វើឲ្យហិនហោច ឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ?
8. អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។