4. លោកយ៉ូហាណានជាកូនរបស់លោកការ៉ា ពួកមេទ័ព និងប្រជាជនទាំងអស់ មិនព្រមស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់ឲ្យពួកគេរស់នៅក្នុងស្រុកយូដាឡើយ។
5. លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ
6. រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្ដេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានទៅជាមួយ។ គេក៏នាំព្យាការីយេរេមា និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។
7. ពួកគេពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ គឺពួកគេចេញដំណើរទៅស្រុកអេស៊ីប ហើយទៅដល់ក្រុងថាផ្នេស។
8. នៅថាផ្នេស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
9. «ចូរយកដុំថ្មធំៗទៅកប់ក្នុងដីឥដ្ឋ ដែលស្ថិតនៅព្រលានធ្វើពីឥដ្ឋខាងមុខមាត់ទ្វារដំណាក់របស់ស្ដេចផារ៉ោន នាក្រុងតាផាណែស ឲ្យប្រជាជនយូដាឃើញ
10. រួចប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងប្រើគេឲ្យទៅហៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ យើងនឹងដាក់បល្ល័ង្ករបស់នេប៊ូក្នេសាត្រង់កន្លែងកប់ថ្មនេះ ហើយនេប៊ូក្នេសាក៏ដំឡើងស្វេតច្ឆត្ររបស់ខ្លួននៅកន្លែងនេះដែរ។
11. នេប៊ូក្នេសានឹងមកវាយស្រុកអេស៊ីប។ ពេលនោះ អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរយកទៅជាឈ្លើយ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ!
12. យើងនឹងដុតកម្ទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីប គឺនេប៊ូក្នេសានឹងដុតកម្ទេចរូបបដិមាទាំងនោះ ហើយនាំយកខ្លះទៅជាជយភ័ណ្ឌផង។ នេប៊ូក្នេសានឹងរឹបអូសយកអ្វីៗចេញអស់ពីស្រុកអេស៊ីប ដូចគេយកចៃចេញពីអាវរោមសត្វដែរ។ បន្ទាប់មក នេប៊ូក្នេសាចាកចេញទៅវិញ ដោយសុខសាន្ត។
13. ស្ដេចស្រុកបាប៊ីឡូននឹងកម្ទេចស្តូបទាំងឡាយ នៅក្រុងបេតសេម៉េសក្នុងស្រុកអេស៊ីប ព្រមទាំងដុតកម្ទេចទីសក្ការៈរបស់ព្រះនានានៃស្រុកអេស៊ីបផង»។