6. យើងខ្ញុំបានសូមឲ្យលោកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្ដី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខ ដោយធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ»។
7. ដប់ថ្ងៃកន្លងមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា
8. ហើយលោកក៏ហៅលោកយ៉ូហាណាន និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងមូល តាំងពីអ្នកតូចរហូតដល់អ្នកធំ។
9. លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូចតទៅ:
10. ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះតទៅទៀតយើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នាគឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។យើងនឹងដាំអ្នករាល់គ្នាគឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។យើងនឹងនឹកស្ដាយដោយបានដាក់ទោសអ្នករាល់គ្នា។
11. កុំខ្លាចស្ដេចស្រុកបាប៊ីឡូនដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វីកុំខ្លាចឲ្យសោះ-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នាដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។
12. យើងនឹងធ្វើឲ្យស្ដេចស្រុកបាប៊ីឡូនអាណិតមេត្តាដល់អ្នករាល់គ្នាហើយស្ដេចនោះក៏អាណិតមេត្តាអ្នករាល់គ្នាព្រមទាំងឲ្យអ្នករាល់គ្នាវិលមករស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។
13. ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំមិនចង់រស់នៅក្នុងស្រុកនេះទេ!” គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
14. ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំឲ្យឃើញសង្គ្រាម កុំឲ្យឮសំឡេងត្រែ កុំឲ្យខ្វះអាហារបរិភោគ!”
15. ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្តភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ
16. មុខដាវដែលអ្នករាល់គ្នាខ្លាចនឹងទៅតាមអ្នករាល់គ្នានៅស្រុកអេស៊ីបទុរ្ភិក្សដែលអ្នករាល់គ្នានឹកបារម្ភនឹងតាមអ្នករាល់គ្នាជាប់រហូតដល់ស្រុកអេស៊ីបហើយអ្នករាល់គ្នានឹងស្លាប់នៅទីនោះ។
17. អស់អ្នកដែលសម្រេចចិត្តភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមុខជាត្រូវស្លាប់ ដោយមុខដាវដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគគឺគ្មាននរណាម្នាក់រួចជីវិតឬគេចផុតពីគ្រោះកាចដែលយើងនឹងធ្វើឲ្យកើតមានដល់ពួកគេឡើយ។