យេរេមា 42:12-22 Khmer Standard Version (KHSV)

12. យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូនអាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នាហើយ​ស្ដេច​នោះ​ក៏​អាណិត​មេត្តា​អ្នក​រាល់​គ្នាព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​វិល​មករស់​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​វិញ។

13. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “យើង​ខ្ញុំ​មិន​ចង់​រស់​នៅ​ក្នុង​ស្រុក​នេះ​ទេ!” គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា

14. ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “យើង​ខ្ញុំ​នឹង​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដើម្បី​កុំ​ឲ្យ​ឃើញ​សង្គ្រាម កុំ​ឲ្យ​ឮ​សំឡេង​ត្រែ កុំ​ឲ្យ​ខ្វះ​អាហារ​បរិភោគ!”

15. ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​អើយ បើ​អ្នក​រាល់​គ្នា​គិត​ដូច្នោះ​មែន ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា:ប្រសិន​បើ​អ្នក​រាល់​គ្នា​សម្រេច​ចិត្តភៀស​ខ្លួន​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​មែន​នោះ

16. មុខ​ដាវ​ដែល​អ្នក​រាល់​គ្នា​ខ្លាចនឹង​ទៅ​តាម​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីបទុរ្ភិក្ស​ដែល​អ្នក​រាល់​គ្នា​នឹក​បារម្ភនឹង​តាម​អ្នក​រាល់​គ្នា​ជាប់រហូត​ដល់​ស្រុក​អេស៊ីបហើយ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​នៅ​ទី​នោះ។

17. អស់​អ្នក​ដែល​សម្រេច​ចិត្ត​ភៀស​ខ្លួនទៅ​រស់​នៅ​ស្រុក​អេស៊ីបមុខ​ជា​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគគឺ​គ្មាន​នរណា​ម្នាក់​រួច​ជីវិតឬ​គេច​ផុត​ពី​គ្រោះ​កាច​ដែល​យើង​នឹងធ្វើ​ឲ្យ​កើត​មាន​ដល់​ពួក​គេ​ឡើយ។

18. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ទៅ​ស្រុក​អេស៊ីប យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ដូច​យើង​បាន​ជះ​ទៅ​លើ​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែរ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា​ជេរ​ប្រមាថ និង​ចំអក‌ឡក‌ឡឺយ​ឲ្យ​គ្នា អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ទឹក​ដី​នេះ​វិញ​ឡើយ។

19. ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​អើយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​ស្រុក​អេស៊ីប​ឡើយ! ចូរ​ដឹង​ឲ្យ​ច្បាស់​ថា ថ្ងៃ​នេះ ខ្ញុំ​និយាយ​យ៉ាង​ដាច់‌អហង្ការ​ជា​មួយ​អ្នក​រាល់​គ្នា។

20. អ្នក​រាល់​គ្នា​ប្រថុយ​ជីវិត ដោយ​ចាត់​ខ្ញុំ​ឲ្យ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា “សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឲ្យ​យើង​ខ្ញុំ​ផង អ្វីៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ មាន​ព្រះ‌បន្ទូល សូម​ប្រាប់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់”។

21. ខ្ញុំ​ក៏​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​ពុំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ខ្ញុំ​នាំ​មក​ប្រាប់​អ្នក​រាល់​គ្នា​ដែរ។

22. ឥឡូវ​នេះ ចូរ​ដឹង​ឲ្យ​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស ឬ​ដោយ​ជំងឺ​អាសន្ន‌រោគ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​រស់​នៅ»។

យេរេមា 42