10. ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះតទៅទៀតយើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នាគឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។យើងនឹងដាំអ្នករាល់គ្នាគឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។យើងនឹងនឹកស្ដាយដោយបានដាក់ទោសអ្នករាល់គ្នា។
11. កុំខ្លាចស្ដេចស្រុកបាប៊ីឡូនដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វីកុំខ្លាចឲ្យសោះ-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នាដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។
12. យើងនឹងធ្វើឲ្យស្ដេចស្រុកបាប៊ីឡូនអាណិតមេត្តាដល់អ្នករាល់គ្នាហើយស្ដេចនោះក៏អាណិតមេត្តាអ្នករាល់គ្នាព្រមទាំងឲ្យអ្នករាល់គ្នាវិលមករស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។
13. ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំមិនចង់រស់នៅក្នុងស្រុកនេះទេ!” គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
14. ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំឲ្យឃើញសង្គ្រាម កុំឲ្យឮសំឡេងត្រែ កុំឲ្យខ្វះអាហារបរិភោគ!”
15. ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្តភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ
16. មុខដាវដែលអ្នករាល់គ្នាខ្លាចនឹងទៅតាមអ្នករាល់គ្នានៅស្រុកអេស៊ីបទុរ្ភិក្សដែលអ្នករាល់គ្នានឹកបារម្ភនឹងតាមអ្នករាល់គ្នាជាប់រហូតដល់ស្រុកអេស៊ីបហើយអ្នករាល់គ្នានឹងស្លាប់នៅទីនោះ។
17. អស់អ្នកដែលសម្រេចចិត្តភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមុខជាត្រូវស្លាប់ ដោយមុខដាវដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគគឺគ្មាននរណាម្នាក់រួចជីវិតឬគេចផុតពីគ្រោះកាចដែលយើងនឹងធ្វើឲ្យកើតមានដល់ពួកគេឡើយ។
18. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។
19. ជនជាតិយូដាដែលនៅសេសសល់អើយ ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា កុំទៅស្រុកអេស៊ីបឡើយ! ចូរដឹងឲ្យច្បាស់ថា ថ្ងៃនេះ ខ្ញុំនិយាយយ៉ាងដាច់អហង្ការជាមួយអ្នករាល់គ្នា។
20. អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទាំងពោលថា “សូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឲ្យយើងខ្ញុំផង អ្វីៗដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ មានព្រះបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។
21. ខ្ញុំក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ តែអ្នករាល់គ្នាពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយក៏ពុំស្ដាប់សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យខ្ញុំនាំមកប្រាប់អ្នករាល់គ្នាដែរ។
22. ឥឡូវនេះ ចូរដឹងឲ្យច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស ឬដោយជំងឺអាសន្នរោគ ក្នុងស្រុកដែលអ្នករាល់គ្នាចង់ទៅរស់នៅ»។