14. ពេលនោះ ប្រជាជន ដែលលោកអ៊ីស្មាអែលចាប់ទៅជាឈ្លើយ នាំគ្នាបកក្រោយ ចូលដៃជាមួយលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា។
15. រីឯលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា និងបក្សពួករបស់គាត់ប្រាំបីនាក់ បានគេចខ្លួនរួច ហើយរត់ទៅដល់ស្រុកអាំម៉ូន។
16. លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយបាននាំប្រជាជន ដែលលោករំដោះពីលោកអ៊ីស្មាអែលនៅគីបៀនមកវិញ គឺទាំងទាហាន ទាំងស្ត្រី ទាំងក្មេងៗ ទាំងមហាតលិកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម។
17. ពួកគេនាំគ្នាចេញដំណើរ ហើយឈប់នៅផ្ទះសំណាក់គីមហាំ ជិតភូមិបេថ្លេហិម បម្រុងនឹងបន្តដំណើរទៅស្រុកអេស៊ីប
18. ដើម្បីគេចពីពួកខាល់ដេ ព្រោះពួកគេនឹកខ្លាច ដោយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា បានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនតែងតាំងឲ្យគ្រប់គ្រងស្រុក។