6. លោកយេរេមាក៏ទៅជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម នៅក្រុងមីសប៉ា រួចស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនដែលរស់នៅក្នុងស្រុកនៅឡើយ។
7. កាលមេទាហានទាំងអស់ដែលនៅតាមព្រៃ និងពលទាហានរបស់ពួកគេឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនបានតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមឲ្យគ្រប់គ្រងស្រុក ហើយផ្ទុកផ្ដាក់លោកឲ្យមើលខុសត្រូវលើប្រជាជនប្រុសស្រី ក្មេង និងជនក្រីក្រ នៅក្នុងស្រុក ដែលគេមិនបានកៀរយកទៅជាឈ្លើយនៅបាប៊ីឡូន។
8. ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា លោកយ៉ូហាណាន និងលោកយ៉ូណាថានជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ាជាកូនរបស់លោកថានហ៊ូមែត កូនៗរបស់លោកអេផាយ អ្នកស្រុកនថូផា និងលោកយេសានាជាកូនរបស់ពួកម៉ាកាទី ព្រមទាំងទាហានរបស់ពួកគេ។
9. លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចក្រែងនឹងបម្រើជនជាតិខាល់ដេឡើយ ចូររស់នៅក្នុងស្រុក ហើយបម្រើព្រះចៅក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន។
10. ចំណែកឯខ្ញុំ ខ្ញុំនៅមីសប៉ានេះ ដើម្បីជាតំណាងរបស់អស់លោកនៅចំពោះមុខពួកខាល់ដេ ដែលមកស្រុកយើង។ អស់លោកត្រូវបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗ ព្រមទាំងផលិតប្រេងទុកក្នុងដប ហើយនាំគ្នាស្នាក់នៅក្នុងក្រុង ដែលអស់លោកកាន់កាប់ពីមុននោះទៅ»។
11. រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។
12. ដូច្នេះ ជនជាតិយូដាទាំងអស់នាំគ្នាវិលពីគ្រប់ទីកន្លែង ដែលពួកគេខ្ចាត់ខ្ចាយទៅ ហើយត្រឡប់មករកលោកកេដាលា នៅមីសប៉ា ក្នុងស្រុកយូដាវិញ។ ពួកគេបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗបានយ៉ាងច្រើន។