1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ក្រោយពេលដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ឲ្យលោកចាកចេញពីភូមិរ៉ាម៉ា។ កាលលោកនេប៊ូសារ៉ាដានឲ្យគេទៅនាំលោកយេរេមាមកនោះ លោកជាប់ច្រវាក់ជាមួយអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាទាំងអស់ ដែលត្រូវគេនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន។
2. លោករាជប្រតិភូបានឲ្យគេទៅនាំលោកយេរេមាមក ហើយគាត់ពោលទៅលោកថា៖ «ព្រះអម្ចាស់ ជាព្រះរបស់លោក បានសម្រេចនាំមហន្តរាយមកលើទឹកដីនេះ។
3. ព្រះអម្ចាស់បានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអង្គបានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ អ្នករាល់គ្នាពុំបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ អ្វីៗដែលព្រះអង្គបានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។
4. ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងលោកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃលោក។ ប្រសិនបើលោកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងលោក តែបើលោកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយ ខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងមូលស្ថិតនៅចំពោះមុខលោកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែលោកពេញចិត្ត»។
5. ពេលឃើញលោកយេរេមានៅស្ងៀមមិនទាន់ឆ្លើយ លោកនេប៊ូសារ៉ាដានក៏ពោលទៀតថា៖ «សុំលោកវិលទៅជួបនឹងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ដែលព្រះចៅក្រុងបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុកយូដានោះ ហើយស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនទៅ ឬមួយលោកចង់ទៅកន្លែងណាផ្សេងទៀត តាមចិត្តលោកប្រាថ្នា»។ លោករាជប្រតិភូបានប្រគល់ស្បៀង និងជំនូនខ្លះទៀត ជូនលោក ហើយប្រាប់ឲ្យលោកចេញទៅ។
6. លោកយេរេមាក៏ទៅជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម នៅក្រុងមីសប៉ា រួចស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនដែលរស់នៅក្នុងស្រុកនៅឡើយ។
7. កាលមេទាហានទាំងអស់ដែលនៅតាមព្រៃ និងពលទាហានរបស់ពួកគេឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនបានតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមឲ្យគ្រប់គ្រងស្រុក ហើយផ្ទុកផ្ដាក់លោកឲ្យមើលខុសត្រូវលើប្រជាជនប្រុសស្រី ក្មេង និងជនក្រីក្រ នៅក្នុងស្រុក ដែលគេមិនបានកៀរយកទៅជាឈ្លើយនៅបាប៊ីឡូន។
8. ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា លោកយ៉ូហាណាន និងលោកយ៉ូណាថានជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ាជាកូនរបស់លោកថានហ៊ូមែត កូនៗរបស់លោកអេផាយ អ្នកស្រុកនថូផា និងលោកយេសានាជាកូនរបស់ពួកម៉ាកាទី ព្រមទាំងទាហានរបស់ពួកគេ។