6. ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូនចូរនាំគ្នារត់ទៅរកកន្លែងពួនកុំបង្អែបង្អង់ឲ្យសោះ!ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាចចេញមកពីទិសខាងជើងបណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
7. សត្វតោលោតចេញពីរូងរបស់វាហើយមេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញពីកន្លែងរបស់ខ្លួនដើម្បីកម្ទេចស្រុករបស់អ្នកក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយលែងមានប្រជាជនរស់នៅទៀតហើយ។
8. ហេតុនេះ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខចូរគក់ទ្រូងយំសោកសង្រេងដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធដ៏ខ្លាំងក្លាចេញពីយើងឡើយ។
9. ព្រះអម្ចាស់មានព្រះបន្ទូលថានៅថ្ងៃនោះ ស្ដេច និងនាម៉ឺនមុខជាបាក់ទឹកចិត្តក្រុមបូជាចារ្យនឹងតក់ស្លុតក្រុមព្យាការីនឹងស្រឡាំងកាំង។
10. គេនឹងពោលថា “ឱព្រះជាអម្ចាស់អើយ!ព្រះអង្គបានបញ្ឆោតទាំងប្រជាជនទាំងក្រុងយេរូសាឡឹមគឺព្រះអង្គសន្យាថាក្រុងនេះនឹងបានសុខសាន្តប៉ុន្តែ ឥឡូវនេះ បែរជាមានខ្មាំងយកដាវភ្ជង់ករបស់យើងទៅវិញ!”»។
11. នៅគ្រានោះ ព្រះអម្ចាស់នឹងមានព្រះបន្ទូលមកកាន់ប្រជាជននៅក្រុងយេរូសាឡឹមថា:«មានខ្យល់ក្ដៅបក់ពីទីខ្ពស់ៗនៃវាលរហោស្ថានមកលើប្រជាជនរបស់យើង។ខ្យល់នោះមិនមែនបក់សម្រាប់រោយស្រូវទេ
12. គឺជាខ្យល់កំបុតត្បូងដែលបក់បោកតាមបញ្ជារបស់យើង។ឥឡូវនេះ ដល់ពេលយើងប្រកាសកាត់ទោសពួកគេហើយ»។
13. មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹតរទេះចំបាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរាទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។យើងខ្ញុំត្រូវវេទនាហើយយើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន!
14. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យេរូសាឡឹមអើយ!ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នកដើម្បីទទួលការសង្គ្រោះ!តើអ្នកទុកឲ្យគំនិតអាស្រូវនេះនៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
15. ដ្បិតមានដំណឹងមួយលេចឮពីក្រុងដាន់និងតំបន់ភ្នំអេប្រាអ៊ីមស្ដីអំពីមហន្តរាយដែលនឹងកើតមាន។
16. ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថាខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់ពួកគេស្រែកហ៊ោប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។