យេរេមា 4:17-31 Khmer Standard Version (KHSV)

17. ពួក​គេ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹមដូច​អ្នក​យាម​នៅ​ជុំ‌វិញ​ចម្ការ​មួយព្រោះ​អ្នក​ក្រុង​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18. ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​អ្នកជា​លទ្ធ‌ផល​នៃ​គំនិត និង​អំពើ​អាក្រក់​របស់​អ្នកទុក្ខ​វេទនា​នេះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់រហូត​ដល់​ជម្រៅ​ចិត្ត»។

19. ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរាចិត្ត​ខ្ញុំ​ប្រេះ‌ឆា​ពន់​ប្រមាណចិត្ត​ខ្ញុំ​អន្ទះ‌សា ពុំ​អាច​នៅ​ស្ងៀម​បាន​ឡើយដ្បិត​ខ្ញុំ​ឮ​សំឡេង​ត្រែនិង​សម្រែក​ប្រកាស​ប្រយុទ្ធ។

20. ខ្មាំង​បំផ្លាញ​ក្រុង​ទាំង‌ឡាយ​បន្ត​បន្ទាប់​គ្នាស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​អន្តរាយផ្ទះ​សំបែង និង​ទី​ជម្រក​របស់​ខ្ញុំត្រូវ​វិនាស​បាត់​បង់​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។

21. តើ​ខ្ញុំ​ត្រូវ​ឃើញ​ទង់​សង្គ្រាម​នេះ​ដល់​កាល​ណា?តើ​ខ្ញុំ​ត្រូវ​ឮ​សំឡេង​ត្រែ​ដល់​កាល​ណា​ទៀត?

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ប្រជា‌ជន​របស់​យើង​ល្ងី‌ល្ងើ​ណាស់គេ​មិន​ស្គាល់​យើង​ទេពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញាគឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។

23. ខ្ញុំ​មើល​ទៅ​ផែនដីឃើញ​ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេខ្ញុំ​មើល​ទៅ​លើ​មេឃតែ​ពុំ​ឃើញ​មាន​ពន្លឺ​អ្វី​សោះ។

24. ខ្ញុំ​មើល​ទៅ​ភ្នំ​ទាំង‌ឡាយឃើញ​ភ្នំ​ទាំង​នោះ​កក្រើក​រំពើករីឯ​ភ្នំ​តូចៗ​ទាំង​ប៉ុន្មាន​ក៏​រញ្ជួយ​ដែរ។

25. ខ្ញុំ​សម្លឹង​មើល​ទៅ ពុំ​ឃើញ​មាន​មនុស្ស​ទេសូម្បី​តែ​សត្វ​ស្លាប​ដែល​ហើរ​នៅ​លើ​មេឃក៏​ចាក​ចេញ​បាត់​អស់​ទៅ​ដែរ។

26. ខ្ញុំ​សម្លឹង​មើល​ឃើញ​ទឹក​ដី​ដែល​ធ្លាប់​តែ​មានដំណាំ​ដាំ​ដុះ ក្លាយ​ជា​វាល​រហោ‌ស្ថានក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​ខ្ទេច‌ខ្ទី​អស់ព្រោះ​តែ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អម្ចាស់។

27. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយប៉ុន្តែ យើង​មិន​កម្ទេច​ឲ្យ​វិនាស​សូន្យទាំង​ស្រុង​ទេ។

28. ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​កាន់​ទុក្ខផ្ទៃ​មេឃ​ដែល​នៅ​ខាង​លើ​ក៏​ងងឹត​សូន្យ‌សុង​ដែរដ្បិត​យើង​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​យើងយើង​មិន​សោក​ស្ដាយ ឬ​ដូរ​គំនិត​ឡើយ»។

29. «ពេល​ឮ​សន្ធឹក​ទ័ព​សេះ និង​ទ័ព​បាញ់​ព្រួញប្រជា‌ជន​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​រត់​ភៀស​ខ្លួនគេ​ចូល​ទៅ​ពួន​នៅ​តាម​គុម្ពោត​ព្រៃគេ​ឡើង​ទៅ​ពួន​នៅ​តាម​ថ្ម​ភ្នំទីក្រុង​ទាំង​មូល​ត្រូវ​គេ​បោះ​បង់​ចោលឥត​មាន​នៅ​សល់​នរណា​ម្នាក់​សោះ។

30. យេរូ‌សាឡឹម​អើយហេតុ​អ្វី​បាន​ជា​នាង​នៅ​តែ​តុប‌តែង​ខ្លួនពាក់​គ្រឿង​អលង្ការ​ធ្វើ​ពី​មាសនិង​លាប​ត្របក​ភ្នែក?នាង​ខំ​តែង​ខ្លួន​ដូច្នេះ ឥត​ប្រយោជន៍​ទេអស់​អ្នក​ដែល​ចង់​រួមរ័ក​ជា​មួយ​នាង​កាល​ពី​មុនបែរ​ជា​មើល‌ងាយ និង​រក​សម្លាប់​នាង​ទៅ​វិញ។

31. យើង​ឮ​សំឡេង​ថ្ងូរ​ដូច​សំឡេង​របស់​ស្ត្រីដែល​ហៀប​នឹង​សម្រាល​កូនជា​សំឡេង​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កូន​ដំបូងគឺ​សំឡេង​ថ្ងូរ​របស់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូនដែល​លើក​ដៃ​ប្រណម្យ​រក​គេ​ជួយដោយ​ពោល​ថា “ខ្ញុំ​វេទនា​ណាស់!ខ្ញុំ​មុខ​ជា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ពេជ្ឈ‌ឃាត!”»។

យេរេមា 4