3. ពេលនោះ មេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនដណ្ដើមយកបានទ្វារកណ្ដាល។ មេទ័ពទាំងនោះ គឺលោកនើកាល-សារេស៊ើរ លោកសាំការ-នេប៊ូ លោកសាសេគិម ជាមេលើពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពឯទៀតៗរបស់ស្ដេចស្រុកបាប៊ីឡូន។
4. ពេលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា និងទាហានទាំងអស់ ឃើញទ័ពបាប៊ីឡូនចូលមកដល់ ក៏នាំគ្នាភៀសខ្លួនចេញពីទីក្រុងនៅពេលយប់ តាមផ្លូវឧទ្យានរបស់ស្ដេច និងតាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ហើយនាំគ្នាចេញតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
5. ប៉ុន្តែ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគា នៅវាលទំនាប ជិតក្រុងយេរីខូ។ ពួកគេចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសា នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ព្រះចៅនេប៊ូក្នេសាប្រកាសកាត់ទោសព្រះបាទសេដេគា។
6. ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ-ក បុត្រាទាំងប៉ុន្មានរបស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ-ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។
7. បន្ទាប់មក ស្ដេចនេប៊ូក្នេសាឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ីឡូន។
8. ជនជាតិខាល់ដេដុតកម្ទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។
9. រីឯប្រជាជនដែលនៅសេសសល់ ហើយរស់នៅក្នុងទីក្រុង និងទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់ លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូនាំយកទៅជាឈ្លើយ។
10. ប៉ុន្តែ លោកមេបញ្ជាការនេប៊ូសារ៉ាដានអនុញ្ញាតឲ្យជនក្រីក្រ គឺអ្នកដែលគ្មានអ្វីទាំងអស់រស់នៅក្នុងស្រុកយូដា ហើយនៅថ្ងៃនោះ គាត់បានចែកចម្ការទំពាំងបាយជូរ និងដីស្រែឲ្យពួកគេទៀតផង។
11. ចំពោះព្យាការីយេរេមាវិញ ព្រះចៅនេប៊ូក្នេសាបានបញ្ជាឲ្យលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូថា៖
12. «ចូរលោកនាំគាត់ទៅ ហើយទំនុកបម្រុងគាត់ផង កុំធ្វើបាបគាត់ឲ្យសោះ ប្រសិនបើគាត់ចង់បានអ្វី ចូរប្រគល់ឲ្យចុះ»។
13. លោកនេប៊ូសារ៉ាដានជារាជប្រតិភូ លោកនេប៊ូសាសបានជាមេរបស់ពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពទាំងអស់របស់ស្ដេចស្រុកបាប៊ីឡូន
14. ចាត់គេឲ្យទៅនាំលោកយេរេមា ចេញពីបន្ទាយកងរក្សាស្ដេចស្រុកយូដា ប្រគល់ទៅលោកកេដាលាជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ដើម្បីឲ្យគាត់នាំលោកទៅផ្ទះរបស់លោកវិញ ហើយលោករស់នៅក្នុងចំណោមប្រជាជន។
15. ពេលលោកយេរេមា ជាប់ឃុំក្នុងបន្ទាយរបស់កងរក្សាស្ដេចនៅឡើយ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖
16. «ចូរទៅប្រាប់អេបេដ-មេលេក ជាជនជាតិអេត្យូពីថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះដូចពាក្យយើងប្រកាស គឺយើងមិននាំសេចក្ដីសុខមកទេ។ នៅថ្ងៃនោះអ្នកនឹងឃើញហេតុការណ៍កើតឡើងផ្ទាល់នឹងភ្នែក។