3. ពេលនោះ មេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនដណ្ដើមយកបានទ្វារកណ្ដាល។ មេទ័ពទាំងនោះ គឺលោកនើកាល-សារេស៊ើរ លោកសាំការ-នេប៊ូ លោកសាសេគិម ជាមេលើពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពឯទៀតៗរបស់ស្ដេចស្រុកបាប៊ីឡូន។
4. ពេលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា និងទាហានទាំងអស់ ឃើញទ័ពបាប៊ីឡូនចូលមកដល់ ក៏នាំគ្នាភៀសខ្លួនចេញពីទីក្រុងនៅពេលយប់ តាមផ្លូវឧទ្យានរបស់ស្ដេច និងតាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ហើយនាំគ្នាចេញតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
5. ប៉ុន្តែ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគា នៅវាលទំនាប ជិតក្រុងយេរីខូ។ ពួកគេចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសា នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ព្រះចៅនេប៊ូក្នេសាប្រកាសកាត់ទោសព្រះបាទសេដេគា។
6. ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ-ក បុត្រាទាំងប៉ុន្មានរបស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ-ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។
7. បន្ទាប់មក ស្ដេចនេប៊ូក្នេសាឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ីឡូន។
8. ជនជាតិខាល់ដេដុតកម្ទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។
9. រីឯប្រជាជនដែលនៅសេសសល់ ហើយរស់នៅក្នុងទីក្រុង និងទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់ លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូនាំយកទៅជាឈ្លើយ។
10. ប៉ុន្តែ លោកមេបញ្ជាការនេប៊ូសារ៉ាដានអនុញ្ញាតឲ្យជនក្រីក្រ គឺអ្នកដែលគ្មានអ្វីទាំងអស់រស់នៅក្នុងស្រុកយូដា ហើយនៅថ្ងៃនោះ គាត់បានចែកចម្ការទំពាំងបាយជូរ និងដីស្រែឲ្យពួកគេទៀតផង។