13. ពួកគេទាញខ្សែពួរ លើកលោកយេរេមាឡើងពីអណ្ដូងមក ហើយលោកយេរេមាក៏ស្ថិតនៅក្នុងបន្ទាយកងរក្សាស្ដេចនោះ។
14. ព្រះបាទសេដេគាបានចាត់គេឲ្យទៅអញ្ជើញព្យាការីយេរេមាមកគាល់ នៅក្លោងទ្វារទីបីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ស្ដេចមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «ខ្ញុំសុំសួរលោកនូវសំណួរតែមួយ កុំលាក់អ្វីនឹងខ្ញុំឲ្យសោះ!»។
15. លោកយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលសេចក្ដីពិតថ្វាយព្រះករុណា ព្រះករុណាពិតជាប្រហារជីវិតទូលបង្គំមិនខាន។ ប្រសិនបើទូលបង្គំថ្វាយយោបល់ ក៏ព្រះករុណាមិនស្ដាប់ទូលបង្គំដែរ»។
16. ព្រះបាទសេដេគាមានរាជឱង្ការស្បថជាសម្ងាត់ មកលោកយេរេមាថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះដ៏មានព្រះជន្មគង់នៅ ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតលោក ឬប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតលោកឡើយ»។
17. លោកយេរេមាក៏ទូលស្ដេចថា៖ «ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ប្រសិនបើព្រះករុណាចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ព្រះករុណានឹងបានរួចជីវិត ហើយក្រុងនេះនឹងមិនត្រូវគេដុតកម្ទេចចោលឡើយ រីឯព្រះករុណា ព្រមទាំងរាជវង្សក៏នឹងរស់រានមានជីវិតដែរ។
18. ប៉ុន្តែ ប្រសិនបើព្រះករុណាមិនចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនទេ ក្រុងនេះមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ពួកគេនឹងដុតបំផ្លាញទីក្រុងព្រះករុណា និងរាជវង្ស ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ពួកគេបានឡើយ»។
19. ព្រះបាទសេដេគាមានរាជឱង្ការមកកាន់លោកយេរេមាថា៖ «ខ្ញុំនឹកបារម្ភអំពីជនជាតិយូដា ដែលបានទៅចុះចូលនឹងពួកខាល់ដេ ខ្ញុំខ្លាចក្រែងខ្មាំងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដា ហើយពួកគេនឹងប្រមាថមាក់ងាយខ្ញុំ»។
20. លោកយេរេមាទូលស្ដេចថា៖ «គេនឹងមិនប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដាឡើយ។ សូមព្រះករុណាធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលទូលបង្គំទូលថ្វាយព្រះករុណា នោះព្រះករុណានឹងបានសុខសាន្ត ហើយរួចជីវិតមិនខាន។
21. ផ្ទុយទៅវិញ ប្រសិនបើព្រះករុណាមិនព្រមចេញទៅចុះចូលទេ ព្រះអម្ចាស់សម្តែងឲ្យទូលបង្គំដឹងដូចតទៅ:
22. ស្ត្រីទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់ស្ដេចស្រុកយូដា នឹងត្រូវគេចាប់យកទៅឲ្យពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន នាងទាំងនោះនឹងពោលថាពួកជំនិតរបស់ព្រះករុណាបានបញ្ឆោតនិងមានប្រៀបលើព្រះករុណាពេលព្រះករុណាមានអាសន្នពួកគេនាំគ្នាបោះបង់ចោលព្រះករុណាអស់។
23. គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ព្រះករុណា យកទៅឲ្យពួកខាល់ដេ។ ចំណែកឯព្រះករុណាវិញ ព្រះករុណាពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ព្រះករុណា ព្រមទាំងដុតកម្ទេចក្រុងនេះផង»។
24. ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «កុំឲ្យនរណាដឹងអំពីព្រះបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ លោកនឹងត្រូវស្លាប់។
25. ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយលោក ហើយបើពួកគេមកនិយាយជាមួយលោកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើលោកបាននិយាយអ្វីជាមួយស្ដេច ហើយស្ដេចនិយាយមកលោកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើងបើលាក់លោកនឹងត្រូវស្លាប់”។
26. លោកត្រូវប្រាប់ពួកគេវិញថា “ខ្ញុំបានមកអង្វរស្ដេច សូមកុំបញ្ជូនខ្ញុំទៅផ្ទះរបស់លោកយ៉ូណាថានវិញ ក្រែងលោខ្ញុំត្រូវស្លាប់”»។
27. មន្ត្រីទាំងអស់នាំគ្នាមកជួបលោកយេរេមា ហើយសួរចម្លើយលោក។ លោកឆ្លើយទៅពួកគេវិញ តាមពាក្យដែលស្ដេចបានបង្គាប់។ ពួកគេក៏លែងដេញដោលសួរលោក ហើយការទាំងនោះក៏នៅជាការអាថ៌កំបាំង។