យេរេមា 37:3-8 Khmer Standard Version (KHSV)

3. ព្រះ‌បាទ​សេដេ‌គា​ចាត់​លោក​យេហ៊ូ‌កាល ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​បូជា‌ចារ្យ​សេផា‌នា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​ទៅ​ជួប​ព្យាការី​យេរេមា​ហើយ​ប្រាប់​ថា៖ «ចូរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​យើង​ផង»។

4. គ្រា​នោះ លោក​យេរេមា​មាន​សេរី‌ភាព​រស់​នៅ​ជា​មួយ​ប្រជា‌ជន​នៅ​ឡើយ គឺ​គេ​ពុំ​ទាន់​ឃុំ‌ឃាំង​លោក​ទេ។

5. កង‌ទ័ព​ខាល់ដេ​ដែល​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​ឮ​ដំណឹង​ថា កង‌ទ័ព​របស់​ព្រះចៅ​ផារ៉ោន​លើក​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​មក ពួក​គេ​ក៏​ដក​ថយ​ពី​ក្រុង​យេរូ‌សាឡឹម។

6. ពេល​នោះ ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ដូច​ត​ទៅ៖

7. «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: ចូរ​ទៅ​ប្រាប់​ស្ដេច​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​យើង​ថា “កង‌ទ័ព​ស្ដេច​ផារ៉ោន​ដែល​ចេញ​មក​ជួយ​អ្នក​រាល់​គ្នា​នោះ នឹង​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ គឺ​ស្រុក​អេស៊ីប

8. ហើយ​ជន‌ជាតិ​ខាល់ដេ​នឹង​វិល​មក​វាយ​លុក​ក្រុង​នេះ​សា​ជា​ថ្មី គេ​នឹង​ដណ្ដើម​យក​ក្រុង​នេះ ហើយ​ដុត​កម្ទេច​ចោល​ទៀត​ផង”។

យេរេមា 37