24. ព្រះរាជា និងនាម៉ឺនសព្វមុខមន្ត្រី បានឮព្រះបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។
25. លោកអែលណាថាន លោកដេឡាយ៉ា និងលោកកេម៉ារា ទទូចអង្វរព្រះរាជា សូមកុំឲ្យដុតក្រាំងនោះដែរ តែស្ដេចពុំស្ដាប់ពាក្យលោកទាំងបីឡើយ។
26. ព្រះរាជាបង្គាប់ទៅសម្ដេចយេរ៉ាមែល ជាបុត្រ និងលោកសេរ៉ាយ៉ា ជាកូនរបស់លោកអាសរាល ព្រមទាំងលោកសេលេមា ជាកូនរបស់លោកអាប់ឌាល ឲ្យទៅចាប់ព្យាការីយេរេមា និងលោកបារូកជាស្មៀន តែព្រះអម្ចាស់បានលាក់លោកទាំងពីរ។
27. ក្រោយពេលព្រះរាជាដុតក្រាំង ដែលលោកយេរេមាបានបង្គាប់ឲ្យលោកបារូកសរសេរនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
28. «ចូរយកក្រាំងមួយទៀតមក រួចសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រាំងមុន គឺក្រាំងដែលយេហូយ៉ាគីមជាស្ដេចស្រុកយូដា បានដុតចោលនោះ។
29. បន្ទាប់មក ចូរប្រកាសប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកបានដុតក្រាំងនោះ ទាំងបន្ទោសយេរេមាដែលបានសរសេរថា ស្ដេចស្រុកបាប៊ីឡូនពិតជាមកកម្ទេចស្រុកនេះ ហើយបំផ្លាញជីវិតមនុស្ស និងសត្វ។