18. លោកបារូកតបថា៖ «លោកយេរេមាបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំប្របាទ ហើយខ្ញុំប្របាទក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។
19. ពួកមន្ត្រីពោលទៅលោកបារូកថា៖ «ចូរអ្នកទៅរកកន្លែងពួនទៅ ហើយលោកយេរេមាក៏ត្រូវពួនដែរ កុំឲ្យនរណាដឹងថា អ្នកទាំងពីរនៅកន្លែងណាឡើយ»។
20. បន្ទាប់មក ពួកមន្ត្រីទុកក្រាំងនោះនៅក្នុងការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង រួចនាំគ្នាទៅគាល់ព្រះរាជា ហើយទូលថ្វាយអំពីព្រះបន្ទូលទាំងនោះ។
21. ព្រះរាជាចាត់លោកយេហ៊ូឌីឲ្យទៅយកក្រាំងនោះមក។ លោកយេហ៊ូឌីក៏ទៅយកក្រាំងពីការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង ហើយអានឲ្យព្រះរាជា និងមន្ត្រីទាំងអស់ដែលឈរអមព្រះរាជាស្ដាប់។
22. ពេលនោះ ព្រះរាជាគង់នៅក្នុងដំណាក់សម្រាប់រដូវរងា (ព្រោះជាខែទីប្រាំបួន) ហើយអាំងភ្លើងនឹងជើងក្រានមួយដែលនៅក្បែរនោះ។
23. ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្ត្រៃរបស់ស្មៀនហ្លួងមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។
24. ព្រះរាជា និងនាម៉ឺនសព្វមុខមន្ត្រី បានឮព្រះបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។
25. លោកអែលណាថាន លោកដេឡាយ៉ា និងលោកកេម៉ារា ទទូចអង្វរព្រះរាជា សូមកុំឲ្យដុតក្រាំងនោះដែរ តែស្ដេចពុំស្ដាប់ពាក្យលោកទាំងបីឡើយ។
26. ព្រះរាជាបង្គាប់ទៅសម្ដេចយេរ៉ាមែល ជាបុត្រ និងលោកសេរ៉ាយ៉ា ជាកូនរបស់លោកអាសរាល ព្រមទាំងលោកសេលេមា ជាកូនរបស់លោកអាប់ឌាល ឲ្យទៅចាប់ព្យាការីយេរេមា និងលោកបារូកជាស្មៀន តែព្រះអម្ចាស់បានលាក់លោកទាំងពីរ។
27. ក្រោយពេលព្រះរាជាដុតក្រាំង ដែលលោកយេរេមាបានបង្គាប់ឲ្យលោកបារូកសរសេរនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
28. «ចូរយកក្រាំងមួយទៀតមក រួចសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រាំងមុន គឺក្រាំងដែលយេហូយ៉ាគីមជាស្ដេចស្រុកយូដា បានដុតចោលនោះ។
29. បន្ទាប់មក ចូរប្រកាសប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកបានដុតក្រាំងនោះ ទាំងបន្ទោសយេរេមាដែលបានសរសេរថា ស្ដេចស្រុកបាប៊ីឡូនពិតជាមកកម្ទេចស្រុកនេះ ហើយបំផ្លាញជីវិតមនុស្ស និងសត្វ។
30. ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា: គ្មានពូជពង្សណាម្នាក់របស់យេហូយ៉ាគីម ស្នងរាជ្យស្ដេចដាវីឌទេ។ សាកសពរបស់យេហូយ៉ាគីមនឹងត្រូវគេទុកចោលហាលថ្ងៃហាលភ្លៀង។
31. យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកនាម៉ឺន ព្រោះតែអំពើទុច្ចរិតរបស់ពួកគេ។ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកទាំងនោះ ព្រមទាំងអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចយើងបានប្រកាសទុក តែពួកគេពុំបានស្ដាប់យើងទេ”»។
32. លោកយេរេមាយកក្រាំងមួយទៀតប្រគល់ឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាស្មៀន។ លោកយេរេមាថ្លែងសេចក្ដីទាំងប៉ុន្មានក្នុងក្រាំងដែលព្រះបាទយេហូយ៉ាគីម ជាស្ដេចស្រុកយូដា បានដុតចោល ឲ្យលោកបារូកសរសេរតាម។ លោកបន្ថែមសេចក្ដីជាច្រើនទៀត ដែលមានន័យស្រដៀងគ្នា ទៅក្នុងក្រាំងថ្មីនេះដែរ។