16. ពេលឮព្រះបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅទូលព្រះរាជាឲ្យបានជ្រាប»។
17. ពួកគេសួរលោកបារូកទៀតថា៖ «ប្រាប់យើងមើល តើអ្នកសរសេរពាក្យទាំងនេះរបៀបណា?»។
18. លោកបារូកតបថា៖ «លោកយេរេមាបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំប្របាទ ហើយខ្ញុំប្របាទក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។
19. ពួកមន្ត្រីពោលទៅលោកបារូកថា៖ «ចូរអ្នកទៅរកកន្លែងពួនទៅ ហើយលោកយេរេមាក៏ត្រូវពួនដែរ កុំឲ្យនរណាដឹងថា អ្នកទាំងពីរនៅកន្លែងណាឡើយ»។
20. បន្ទាប់មក ពួកមន្ត្រីទុកក្រាំងនោះនៅក្នុងការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង រួចនាំគ្នាទៅគាល់ព្រះរាជា ហើយទូលថ្វាយអំពីព្រះបន្ទូលទាំងនោះ។
21. ព្រះរាជាចាត់លោកយេហ៊ូឌីឲ្យទៅយកក្រាំងនោះមក។ លោកយេហ៊ូឌីក៏ទៅយកក្រាំងពីការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង ហើយអានឲ្យព្រះរាជា និងមន្ត្រីទាំងអស់ដែលឈរអមព្រះរាជាស្ដាប់។
22. ពេលនោះ ព្រះរាជាគង់នៅក្នុងដំណាក់សម្រាប់រដូវរងា (ព្រោះជាខែទីប្រាំបួន) ហើយអាំងភ្លើងនឹងជើងក្រានមួយដែលនៅក្បែរនោះ។
23. ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្ត្រៃរបស់ស្មៀនហ្លួងមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។
24. ព្រះរាជា និងនាម៉ឺនសព្វមុខមន្ត្រី បានឮព្រះបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។
25. លោកអែលណាថាន លោកដេឡាយ៉ា និងលោកកេម៉ារា ទទូចអង្វរព្រះរាជា សូមកុំឲ្យដុតក្រាំងនោះដែរ តែស្ដេចពុំស្ដាប់ពាក្យលោកទាំងបីឡើយ។