1. នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀស ស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
2. «ចូរសរសេរសេចក្ដីទាំងប៉ុន្មាន ដែលយើងបានប្រាប់អ្នកស្ដីអំពីប្រជាជាតិអ៊ីស្រាអែល ប្រជាជាតិយូដា និងប្រជាជាតិទាំងអស់ ចាប់ពីថ្ងៃដែលយើងបាននិយាយជាមួយអ្នក នៅរជ្ជកាលស្ដេចយ៉ូសៀស រហូតមកដល់សព្វថ្ងៃ ទុកនៅក្នុងក្រាំងមួយ។
3. ជនជាតិយូដាប្រហែលជាដឹងខ្លួនថា យើងនឹងដាក់ទោសពួកគេ ហើយពួកគេប្រហែលជានាំគ្នាងាកចេញពីផ្លូវអាក្រក់ ដើម្បីយើងលើកលែងទោសពួកគេឲ្យបានរួចពីបាប»។
4. លោកយេរេមាហៅលោកបារូក ជាកូនរបស់លោកនេរីយ៉ាមក ហើយលោកយេរេមាក៏ថ្លែងឲ្យលោកបារូកសរសេរតាម នូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោក។
5. បន្ទាប់មក លោកយេរេមាបញ្ជាទៅលោកបារូកថា៖ «ខ្ញុំមិនអាចទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅពេលនេះបានឡើយ។
6. នៅថ្ងៃធ្វើពិធីតមអាហារ ចូរអ្នកទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលខ្ញុំបង្គាប់ឲ្យអ្នកសរសេរក្នុងក្រាំងនេះ ឲ្យប្រជាជនស្ដាប់។ ចូរអានឲ្យប្រជាជនទាំងអស់ដែលមកពីក្រុងនានាក្នុងស្រុកយូដាស្ដាប់ដែរ។
7. ពួកគេប្រហែលជានាំគ្នាទូលអង្វរព្រះអម្ចាស់ ហើយងាកចេញពីផ្លូវអាក្រក់ ដ្បិតព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងប្រជាជននេះ»។
8. លោកបារូក ជាកូនរបស់លោកនេរីយ៉ា ធ្វើតាមពាក្យទាំងប៉ុន្មាន ដែលព្យាការីយេរេមាបង្គាប់ គឺគាត់ទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានសរសេរទុកនៅក្នុងក្រាំង។