4. ហើយនាំពួកគេទៅព្រះដំណាក់របស់ព្រះអម្ចាស់ រួចចូលក្នុងបន្ទប់កូនចៅលោកហាណាន ជាកូនរបស់លោកយីកដាលា និងជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។
5. ខ្ញុំបានយកឪទិនមួយដែលមានស្រាពេញ ព្រមទាំងពែងជាច្រើន មកដាក់នៅមុខពួករេកាប ទាំងពោលថា “សូមអញ្ជើញពិសា!”
6. ប៉ុន្តែ អ្នកទាំងនោះតបថា៖ «ពួកយើងមិនទទួលទានស្រាទេ ដ្បិតលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប និងជាបុព្វបុរសរបស់យើងបានហាមប្រាមយើងថា “អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា មិនត្រូវផឹកស្រាជាដាច់ខាត។
7. អ្នករាល់គ្នាក៏មិនត្រូវសង់ផ្ទះ មិនត្រូវសាបព្រោះ ដាំទំពាំងបាយជូរ ឬទិញចម្ការទំពាំងបាយជូរមកធ្វើជាកម្មសិទ្ធិឡើយ។ អ្នករាល់គ្នាត្រូវបោះជំរំរស់នៅអស់មួយជីវិត។ ធ្វើដូច្នេះ អ្នករាល់គ្នាអាចរស់បានយូរលើទឹកដីដែលអ្នករាល់គ្នាទៅស្នាក់អាស្រ័យ”។
8. ពួកយើងធ្វើតាមបង្គាប់របស់លោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ជាបុព្វបុរសយើងសព្វគ្រប់ទាំងអស់ ក្នុងមួយជីវិតរបស់ពួកយើង។ ពួកយើងមិនទទួលទានស្រាសោះឡើយ គឺទាំងពួកយើង ទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកយើង។
9. ពួកយើងមិនសង់ផ្ទះសម្រាប់រស់នៅ ពួកយើងគ្មានចម្ការទំពាំងបាយជូរ គ្មានដីស្រែ និងដីដាំដំណាំទេ។
10. ពួកយើងរស់នៅតាមជំរំ គឺធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកយ៉ូណាដាប់ ជាបុព្វបុរសបានបង្គាប់។
11. ពេលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកលុកលុយស្រុកនេះ ពួកយើងបានបបួលគ្នាមករស់នៅក្រុងយេរូសាឡឹម ដើម្បីរត់គេចពីកងទ័ពខាល់ដេ និងកងទ័ពស៊ីរី។ ហេតុនេះហើយបានជាពួកយើងរស់នៅក្នុងក្រុងយេរូសាឡឹម»។
12. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ:
13. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរទៅប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចតទៅ: តើអ្នករាល់គ្នាយល់មេរៀននេះឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើតាមពាក្យរបស់យើងឬទេ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។