12. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ:
13. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរទៅប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចតទៅ: តើអ្នករាល់គ្នាយល់មេរៀននេះឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើតាមពាក្យរបស់យើងឬទេ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14. យ៉ូណាដាប់ ជាកូនរបស់រេកាប ហាមកូនចៅរបស់ខ្លួនមិនឲ្យផឹកស្រា ពួកគេក៏តមស្រារហូតមកដល់សព្វថ្ងៃ គឺពួកគេធ្វើតាមបង្គាប់បុព្វបុរសរបស់ខ្លួន។ រីឯយើងវិញ យើងរំឭកដាស់តឿនអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនស្ដាប់បង្គាប់យើងទេ។
15. យើងបានចាត់ព្យាការីទាំងប៉ុន្មាន ដែលជាអ្នកបម្រើរបស់យើង ឲ្យមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដីដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។
16. ប៉ុន្តែ អ្នករាល់គ្នាពុំបានត្រងត្រាប់ស្ដាប់យើង ហើយអ្នករាល់គ្នាក៏ពុំបានស្ដាប់បង្គាប់យើងដែរ!»។
17. ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាទាំងប៉ុន្មាន កើតមានដល់ស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចយើងបានប្រកាសប្រឆាំងនឹងពួកគេស្រាប់ ដ្បិតយើងបាននិយាយជាមួយពួកគេ ពួកគេមិនស្ដាប់បង្គាប់យើងទេ យើងបានហៅពួកគេ តែពួកគេមិនឆ្លើយតបមកយើងវិញឡើយ»។
18. បន្ទាប់មក លោកយេរេមាមានប្រសាសន៍ទៅកាន់កូនចៅលោករេកាបថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ដោយអ្នករាល់គ្នាស្ដាប់បង្គាប់យ៉ូណាដាប់ ជាបុព្វបុរសរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាគោរព និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលគាត់បានបង្គាប់ទុក
19. នោះនឹងមិនខ្វះពូជពង្សយ៉ូណាដាប់ ជាកូនរបស់រេកាប សម្រាប់បម្រើយើងឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។