18. យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀងយ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពលក្ខខណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។
19. យើងនឹងប្រគល់ពួកមន្ត្រីនៅស្រុកយូដា ពួកមន្ត្រីនៅក្រុងយេរូសាឡឹម ពួកមហាតលិក ពួកបូជាចារ្យ និងប្រជាជននៅស្រុកទាំងមូល ដែលបានដើរកាត់ចន្លោះសាច់ទាំងពីរចំហៀងរបស់កូនគោនោះ
20. ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។
21. យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា និងពួកមន្ត្រី ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ និងក្នុងកណ្ដាប់ដៃកងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ទោះបីកងទ័ពបាប៊ីឡូនដកថយមួយរយៈសិនក៏ដោយ។
22. យើងនឹងបញ្ជាឲ្យពួកគេវិលមកវាយក្រុងនេះវិញ ពួកគេនឹងវាយយកបានទីក្រុង ព្រមទាំងដុតកម្ទេចចោលទៀតផង។ យើងនឹងធ្វើឲ្យក្រុងនានានៅស្រុកយូដា ក្លាយទៅជាទីស្មសាន គ្មានប្រជាជនរស់នៅ»។