1. នៅគ្រាដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន និងកងទ័ពទាំងមូល ព្រមទាំងនគរទាំងប៉ុន្មាន និងប្រជាជនទាំងអស់ ដែលជាចំណុះរបស់ស្ដេចស្រុកបាប៊ីឡូន នាំគ្នាលើកទ័ពមកវាយលុកក្រុងយេរូសាឡឹម ព្រមទាំងក្រុងនានានៅជុំវិញ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ:
2. ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរទៅប្រាប់សេដេគា ជាស្ដេចស្រុកយូដាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ស្ដេចនោះនឹងដុតកម្ទេចទីក្រុង។
3. រីឯអ្នកវិញ អ្នកពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ស្ដេចនោះបានឡើយ។ គេនឹងចាប់ចងអ្នកប្រគល់ទៅឲ្យស្ដេចស្រុកបាប៊ីឡូន អ្នកនឹងឃើញស្ដេចនោះផ្ទាល់នឹងភ្នែក ស្ដេចនោះនឹងនិយាយទល់មុខគ្នាជាមួយអ្នក ហើយអ្នកត្រូវទៅស្រុកបាប៊ីឡូន”»។
4. បពិត្រព្រះករុណាសេដេគា ជាស្ដេចស្រុកយូដា សូមទ្រង់សណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអង្គមានព្រះបន្ទូលមកព្រះករុណាថា៖ «អ្នកនឹងមិនស្លាប់ដោយមុខដាវឡើយ
5. តែអ្នកនឹងស្លាប់តាមសម្រួល។ គេនឹងដុតគ្រឿងក្រអូបអប់សពអ្នក ដូចគេដុតសម្រាប់ដូនតា និងស្ដេចឯទៀតៗដែលសោយរាជ្យមុនអ្នកដែរ។ គេយំកាន់ទុក្ខអ្នកដោយរៀបរាប់ថា: “គួរអនិច្ចា ព្រះករុណាជាអម្ចាស់! យើងប្រាប់អ្នកឲ្យដឹងជាមុន”» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
6. ព្យាការីយេរេមាក៏នាំព្រះបន្ទូលទាំងនោះទៅទូលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។
7. ពេលនោះ កងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនវាយលុកក្រុងយេរូសាឡឹម និងក្រុងឯទៀតៗនៅស្រុកយូដា ព្រមទាំងក្រុងឡាគីស និងក្រុងអាសេកា ជាក្រុងមានកំពែងរឹងមាំ ហើយកំពុងតែទប់ទល់នឹងខ្មាំងសត្រូវនៅឡើយ។
8. នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយេរេមា ក្រោយពេលដែលព្រះបាទសេដេគាចេញបញ្ជាឲ្យប្រជាជនទាំងមូល នៅក្រុងយេរូសាឡឹមធ្វើកិច្ចសន្យាដោះលែងទាសករ
9. គឺប្រជាជនគ្រប់ៗរូបត្រូវដោះលែងទាសាទាសីរបស់ខ្លួនដែលជាជាតិហេប្រឺ។ មិនត្រូវឲ្យនរណាម្នាក់ទុកជនជាតិយូដា ដែលជាបងប្អូនរបស់ខ្លួន ជាទាសករតទៅទៀតឡើយ។
10. មន្ត្រី និងប្រជាជនទាំងអស់ ដែលចូលរួមចុះកិច្ចសន្យានោះនាំគ្នាអនុវត្តតាម ហើយដោះលែងទាសាទាសីរបស់ខ្លួន គឺម្នាក់ៗអនុវត្តតាមកិច្ចសន្យា ដោយបើកឲ្យទាសករទាំងនោះមានសេរីភាព។
11. ប៉ុន្តែ ក្រោយមក ពួកគេដូរគំនិត ហើយចាប់ពួកទាសាទាសីដែលខ្លួនបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម។