7. យើងនឹងស្ដារស្រុកយូដា និងស្រុកអ៊ីស្រាអែល យើងនឹងឲ្យប្រជាជនរស់នៅដូចដើមឡើងវិញ។
8. យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ* រួចផុតពីអំពើបាបទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តទាស់នឹងយើង ហើយបះបោរប្រឆាំងនឹងយើងទៀតផង។
9. ក្រុងនេះនឹងធ្វើឲ្យយើងមានអំណរសប្បាយ ហើយមានកេរ្តិ៍ឈ្មោះល្បី។ ពេលប្រជាជាតិទាំងអស់នៅលើផែនដីឮដំណឹងថា យើងឲ្យពរដល់ក្រុងនេះ គេនឹងនាំគ្នាលើកតម្កើងយើង គេនឹងស្ងើចសរសើរ ហើយរំជួលចិត្តដោយឃើញសុភមង្គល និងភាពចម្រុងចម្រើនគ្រប់យ៉ាង ដែលយើងផ្ដល់ឲ្យក្រុងនេះ»។
10. ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «អ្នករាល់គ្នាធ្លាប់ពោលថា “ទឹកដីនេះវិនាសអន្តរាយអស់ហើយ លែងមានមនុស្ស លែងមានសត្វ។ ក្រុងនានាក្នុងស្រុកយូដា និងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ជាកន្លែងស្ងាត់ជ្រងំ លែងមានមនុស្ស លែងមានសត្វរស់នៅទៀតហើយ”។ ប៉ុន្តែ នៅពេលខាងមុខ
11. គេនឹងឮសូរស័ព្ទបទចម្រៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចម្រៀងរបស់អស់អ្នកដែលថ្វាយយញ្ញបូជាអរព្រះគុណ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងព្រះអម្ចាស់នៃពិភពទាំងមូល ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ហើយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងដែលវិនាសបាក់បែក នឹងគ្មានមនុស្ស គ្មានសត្វ ហើយនៅតាមក្រុងឯទៀតៗ ពួកគង្វាលនឹងនាំគ្នាធ្វើក្រោល ជាជម្រកសម្រាប់ហ្វូងសត្វរបស់ខ្លួនសាជាថ្មី។
13. ក្នុងក្រុងនានានៅតំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប ក្នុងទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម និងនៅតាមក្រុងនានាក្នុងស្រុកយូដា គង្វាលនឹងរាប់ចំនួនចៀមរបស់ខ្លួនសាជាថ្មី» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។
15. នៅគ្រានេះ យើងនឹងធ្វើឲ្យមានស្ដេចមួយអង្គដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្ដេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។
16. នៅគ្រានោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ក្រុងយេរូសាឡឹមនឹងមានសន្តិសុខ។ គេនឹងដាក់ឈ្មោះក្រុងនោះថា “ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។
17. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដាវីឌនឹងមិនខ្វះពូជពង្សគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលឡើយ។
18. ពួកបូជាចារ្យ និងពួកលេវី ក៏មិនខ្វះពូជពង្សឈរនៅចំពោះមុខយើង ដើម្បីថ្វាយតង្វាយដុត និងដុតគ្រឿងក្រអូបជាមួយតង្វាយផ្សេងៗ ហើយថ្វាយយញ្ញបូជាជារៀងរាល់ថ្ងៃដែរ»។
19. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖
20. «យើងបានធ្វើឲ្យមានថ្ងៃ មានយប់ តាមកំណត់ពេលវេលារបស់វា ប្រសិនបើអ្នករាល់គ្នាអាចបញ្ឈប់ចលនារបស់ថ្ងៃ និងយប់បាន
21. យើងក៏ផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយដាវីឌ ជាអ្នកបម្រើរបស់យើងដូច្នោះដែរ គឺលែងមានពូជពង្សរបស់គេស្នងរាជ្យ ហើយក៏លែងមានពួកបូជាចារ្យលេវីបំពេញមុខងារនៅចំពោះមុខយើងទៀតដែរ។