18. ពួកបូជាចារ្យ និងពួកលេវី ក៏មិនខ្វះពូជពង្សឈរនៅចំពោះមុខយើង ដើម្បីថ្វាយតង្វាយដុត និងដុតគ្រឿងក្រអូបជាមួយតង្វាយផ្សេងៗ ហើយថ្វាយយញ្ញបូជាជារៀងរាល់ថ្ងៃដែរ»។
19. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖
20. «យើងបានធ្វើឲ្យមានថ្ងៃ មានយប់ តាមកំណត់ពេលវេលារបស់វា ប្រសិនបើអ្នករាល់គ្នាអាចបញ្ឈប់ចលនារបស់ថ្ងៃ និងយប់បាន
21. យើងក៏ផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយដាវីឌ ជាអ្នកបម្រើរបស់យើងដូច្នោះដែរ គឺលែងមានពូជពង្សរបស់គេស្នងរាជ្យ ហើយក៏លែងមានពួកបូជាចារ្យលេវីបំពេញមុខងារនៅចំពោះមុខយើងទៀតដែរ។
22. ផ្ទុយទៅវិញ យើងនឹងឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើយើង ព្រមទាំងពួកបូជាចារ្យលេវី ដែលបំពេញមុខងារនៅចំពោះមុខយើង កើនចំនួនច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ»។
23. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖
24. «តើអ្នកឮពាក្យរបស់ប្រជាជននេះឬទេ? ពួកគេពោលថា: “ព្រះអម្ចាស់បានបោះបង់ចោលអំបូរទាំងពីរដែលព្រះអង្គបានជ្រើសរើសនោះហើយ”។ អ្នកណាពោលដូច្នេះ អ្នកនោះមើលងាយប្រជាជនរបស់យើង ហើយលែងរាប់ពួកគេជាប្រជាជាតិមួយទៀតផង»។
25. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងបានធ្វើឲ្យមានថ្ងៃ និងយប់ តាមពេលកំណត់ ហើយយើងក៏បានដាក់ច្បាប់ធម្មជាតិសម្រាប់ផ្ទៃមេឃ និងផែនដីដែរ។
26. ដូច្នេះ តើឲ្យយើងបោះបង់ចោលពូជពង្សរបស់យ៉ាកុប និងពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់យើង ដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ ឲ្យគ្រប់គ្រងលើពូជពង្សអប្រាហាំ អ៊ីសាក និងយ៉ាកុបកើតឬ? ទេ! យើងនឹងស្ដារពួកគេឡើងវិញ ព្រមទាំងសម្តែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។