យេរេមា 33:1-13 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​សា​ជា​ថ្មី នៅ​ក្នុង​ទី​ឃុំ‌ឃាំង។

2. ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះ‌អម្ចាស់​ដែល​បាន​សូន​ផែនដី ហើយ​ដាក់​ឲ្យ​នៅ​មាំ‌មួន ឥត​រង្គើ ព្រះ‌អង្គ​ដែល​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖

3. «ចូរ​អង្វរ​រក​យើង នោះ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ។ យើង​នឹង​សម្តែង​ឲ្យ​អ្នក​ដឹង​អំពី​ការ​អស្ចារ្យ​ផ្សេងៗ ជា​ការ​លាក់​កំបាំង ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក»។

4. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ផ្ទះ​នានា​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​ផ្ដួល​រំលំ​ដោយ​ខ្មាំង​លើក​ទួល វាយ​លុក។

5. ប្រជា‌ជន​ខ្លះ​នៅ​ក្នុង​ក្រុង​នេះ​ខំ​តទល់​នឹង​ពួក​ខាល់ដេ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ផ្ទះ​របស់​គេ​មាន​ពេញ​ដោយ​សាក‌សព ដែល​យើង​ប្រហារ ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​យើង។ អំពើ​អាក្រក់​របស់​ពួក​គេ​ធ្វើ​ឲ្យ​យើង​លែង​អាណិត​មេត្តា​ដល់​ក្រុង​នេះ។

6. ប៉ុន្តែ យើង​នឹង​ព្យាបាល​មុខ​របួស​របស់​គេ​ឲ្យ​បាន​ជា​ទាំង​ស្រុង យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា យើង​នឹង​ផ្ដល់​សេចក្ដី​សុខ‌សាន្ត និង​សន្តិ‌សុខ​មក​លើ​ពួក​គេ​យ៉ាង​បរិបូណ៌។

7. យើង​នឹង​ស្ដារ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល យើង​នឹង​ឲ្យ​ប្រជា‌ជន​រស់​នៅ​ដូច​ដើម​ឡើង​វិញ។

8. យើង​នឹង​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ* រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ទាស់​នឹង​យើង ហើយ​បះ‌បោរ​ប្រឆាំង​នឹង​យើង​ទៀត​ផង។

9. ក្រុង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឮ​ដំណឹង​ថា យើង​ឲ្យ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភមង្គល និង​ភាព​ចម្រុង‌ចម្រើន​គ្រប់​យ៉ាង ដែល​យើង​ផ្ដល់​ឲ្យ​ក្រុង​នេះ»។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «អ្នក​រាល់​គ្នា​ធ្លាប់​ពោល​ថា “ទឹក​ដី​នេះ​វិនាស​អន្តរាយ​អស់​ហើយ លែង​មាន​មនុស្ស លែង​មាន​សត្វ។ ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ស្ងាត់​ជ្រងំ លែង​មាន​មនុស្ស លែង​មាន​សត្វ​រស់​នៅ​ទៀត​ហើយ”។ ប៉ុន្តែ នៅ​ពេល​ខាង​មុខ

11. គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចម្រៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចម្រៀង​របស់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ហើយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​ឲ្យ​បាន​ដូច​ដើម​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជម្រក​សម្រាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។

13. ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​បេន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

យេរេមា 33