1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាសាជាថ្មី នៅក្នុងទីឃុំឃាំង។
2. ព្រះអម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ ព្រះអម្ចាស់ដែលបានសូនផែនដី ហើយដាក់ឲ្យនៅមាំមួន ឥតរង្គើ ព្រះអង្គដែលមានព្រះនាមថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ៖
3. «ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសម្តែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។
4. ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ផ្ទះនានាក្នុងក្រុងនេះ ព្រមទាំងដំណាក់របស់ស្ដេចស្រុកយូដា នឹងត្រូវផ្ដួលរំលំដោយខ្មាំងលើកទួល វាយលុក។
5. ប្រជាជនខ្លះនៅក្នុងក្រុងនេះខំតទល់នឹងពួកខាល់ដេដែរ ជាហេតុបណ្ដាលឲ្យផ្ទះរបស់គេមានពេញដោយសាកសព ដែលយើងប្រហារ ដោយសារកំហឹងដ៏ខ្លាំងរបស់យើង។ អំពើអាក្រក់របស់ពួកគេធ្វើឲ្យយើងលែងអាណិតមេត្តាដល់ក្រុងនេះ។
6. ប៉ុន្តែ យើងនឹងព្យាបាលមុខរបួសរបស់គេឲ្យបានជាទាំងស្រុង យើងនឹងប្រោសពួកគេឲ្យបានជា យើងនឹងផ្ដល់សេចក្ដីសុខសាន្ត និងសន្តិសុខមកលើពួកគេយ៉ាងបរិបូណ៌។
7. យើងនឹងស្ដារស្រុកយូដា និងស្រុកអ៊ីស្រាអែល យើងនឹងឲ្យប្រជាជនរស់នៅដូចដើមឡើងវិញ។
8. យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ* រួចផុតពីអំពើបាបទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តទាស់នឹងយើង ហើយបះបោរប្រឆាំងនឹងយើងទៀតផង។
9. ក្រុងនេះនឹងធ្វើឲ្យយើងមានអំណរសប្បាយ ហើយមានកេរ្តិ៍ឈ្មោះល្បី។ ពេលប្រជាជាតិទាំងអស់នៅលើផែនដីឮដំណឹងថា យើងឲ្យពរដល់ក្រុងនេះ គេនឹងនាំគ្នាលើកតម្កើងយើង គេនឹងស្ងើចសរសើរ ហើយរំជួលចិត្តដោយឃើញសុភមង្គល និងភាពចម្រុងចម្រើនគ្រប់យ៉ាង ដែលយើងផ្ដល់ឲ្យក្រុងនេះ»។
10. ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «អ្នករាល់គ្នាធ្លាប់ពោលថា “ទឹកដីនេះវិនាសអន្តរាយអស់ហើយ លែងមានមនុស្ស លែងមានសត្វ។ ក្រុងនានាក្នុងស្រុកយូដា និងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ជាកន្លែងស្ងាត់ជ្រងំ លែងមានមនុស្ស លែងមានសត្វរស់នៅទៀតហើយ”។ ប៉ុន្តែ នៅពេលខាងមុខ