5. ហើយស្ដេចស្រុកបាប៊ីឡូននឹងនាំស្ដេចសេដេគាទៅស្រុកបាប៊ីឡូនទៀតផង។ ស្ដេចត្រូវនៅទីនោះរហូតដល់ពេលដែលយើងប្រោសប្រណី” - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បើអ្នករាល់គ្នានៅតែធ្វើសឹកជាមួយជនជាតិខាល់ដេ អ្នករាល់គ្នាពុំអាចឈ្នះបានឡើយ»។
6. លោកយេរេមាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
7. ហាណាមាលកូនរបស់សាលូម ជាឪពុកមារបស់អ្នក នឹងមកជួបអ្នក ហើយពោលថា “សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោតទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ” »។
8. លោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ មកជួបខ្ញុំនៅទីឃុំឃាំង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ គាត់ពោលមកខ្ញុំថា៖ «សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ!»។ ពេលនោះ ខ្ញុំយល់ឃើញថា នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។
9. ខ្ញុំក៏ទិញដីចម្ការនៅអាណាថោត ពីលោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ។ ខ្ញុំបានថ្លឹងប្រាក់ប្រាំតម្លឹងឲ្យគាត់។
10. ខ្ញុំធ្វើលិខិតបញ្ជាក់មួយ និងបិទត្រា ដោយមានសាក្សីដឹងឮ រួចថ្លឹងប្រាក់លើជញ្ជីង។
11. បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។
12. ខ្ញុំប្រគល់លិខិតបញ្ជាក់ទិញដីនោះទៅឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅចំពោះមុខលោកហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ដោយមានសាក្សីដែលបានចុះហត្ថលេខានៅលើលិខិតបញ្ជាក់ ព្រមទាំងជនជាតិយូដាដែលស្ថិតនៅក្នុងទីឃុំឃាំងនោះដឹងឮផង។
13. ខ្ញុំបង្គាប់លោកបារូកនៅចំពោះមុខពួកគេ ដូចតទៅ៖
14. «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ចូរយកលិខិតបញ្ជាក់ទិញដីនេះ គឺទាំងលិខិតមានបិទត្រា និងលិខិតនៅចំហ ទៅដាក់ក្នុងឆ្នាំងដីមួយ ដើម្បីរក្សាទុកឲ្យបានយូរ។