យេរេមា 32:4-12 Khmer Standard Version (KHSV)

4. សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ​បាន​ទេ។ គេ​នឹង​ប្រគល់​ស្ដេច​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ពិត​ប្រាកដ​មែន។ សេដេ‌គា​នឹង​ឃើញ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ផ្ទាល់​ភ្នែក និយាយ​គ្នា​ផ្ទាល់​មាត់

5. ហើយ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​នាំ​ស្ដេច​សេដេ‌គា​ទៅ​ស្រុក​បាប៊ី‌ឡូន​ទៀត​ផង។ ស្ដេច​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ពេល​ដែល​យើង​ប្រោស‌ប្រណី” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​សឹក​ជា​មួយ​ជន‌ជាតិ​ខាល់ដេ អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​បាន​ឡើយ»។

6. លោក​យេរេមា​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:

7. ហាណា‌មាល​កូន​របស់​សាលូម ជា​ឪពុក​មា​របស់​អ្នក នឹង​មក​ជួប​អ្នក ហើយ​ពោល​ថា “សូម​បង​ទិញ​ដី​ចម្ការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណា‌ថោត​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ” »។

8. លោក​ហាណា‌មាល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ មក​ជួប​ខ្ញុំ​នៅ​ទី​ឃុំ‌ឃាំង ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មែន។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «សូម​បង​ទិញ​ដី​ចម្ការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​បេន‌យ៉ាមីន​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ!»។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មែន។

9. ខ្ញុំ​ក៏​ទិញ​ដី​ចម្ការ​នៅ​អាណា‌ថោត ពី​លោក​ហាណា‌មាល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ថ្លឹង​ប្រាក់​ប្រាំ​តម្លឹង​ឲ្យ​គាត់។

10. ខ្ញុំ​ធ្វើ​លិខិត​បញ្ជាក់​មួយ និង​បិទ​ត្រា ដោយ​មាន​សាក្សី​ដឹង​ឮ រួច​ថ្លឹង​ប្រាក់​លើ​ជញ្ជីង។

11. បន្ទាប់​មក ខ្ញុំ​យក​លិខិត​បញ្ជាក់​ទិញ​ដី​ដែល​មាន​បិទ​ត្រា ស្រប​តាម​ច្បាប់​តាម​មាត្រា ហើយ​ខ្ញុំ​ក៏​យក​លិខិត​បញ្ជាក់​ចំហ​មក​ដែរ។

12. ខ្ញុំ​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​នោះ​ទៅ​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ចំពោះ​មុខ​លោក​ហាណា‌មាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ដោយ​មាន​សាក្សី​ដែល​បាន​ចុះ​ហត្ថ‌លេខា​នៅ​លើ​លិខិត​បញ្ជាក់ ព្រម​ទាំង​ជន‌ជាតិ​យូដា​ដែល​ស្ថិត​នៅ​ក្នុង​ទី​ឃុំ‌ឃាំង​នោះ​ដឹង​ឮ​ផង។

យេរេមា 32