34. ពួកគេយករូបព្រះដ៏គួរស្អប់ខ្ពើម មកដាក់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង។
35. ពួកគេបានសង់កន្លែងសក្ការៈនៅទួលខ្ពស់សម្រាប់ព្រះបាល ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួន ទៅសែនព្រះម៉ូឡុក ដោយដុតទាំងរស់។ យើងពុំដែលបង្គាប់ឲ្យគេធ្វើអំពើបែបនេះសោះ យើងក៏មិនដែលនឹកឃើញអំពីការនេះដែរ គឺធ្វើឲ្យជនជាតិយូដាមានទោស ព្រោះតែអំពើព្រៃផ្សៃ»។
36. ប៉ុន្តែ ទោះជាយ៉ាងណាក្ដី យើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល យើងសុំប្រាប់អ្នកឲ្យបានដឹងអំពីក្រុងដែលអ្នកពោលថា នឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយអ្នកក្រុងនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។
37. នៅគ្រាដែលយើងខឹងសម្បារ យើងបានកំចាត់កំចាយប្រជាជននេះឲ្យទៅនៅគ្រប់ប្រទេស តែយើងនឹងប្រមូលពួកគេ ហើយនាំពួកគេវិលមកកន្លែងនេះវិញ ឲ្យរស់នៅយ៉ាងសុខសាន្ត។
38. ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ។
39. យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។
40. យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។
41. យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
42. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងធ្វើឲ្យប្រជាជននេះរងទុក្ខវេទនាខ្លាំងយ៉ាងណា យើងក៏ធ្វើឲ្យពួកគេមានសុភមង្គលគ្រប់ប្រការ តាមពាក្យសន្យារបស់យើងយ៉ាងនោះដែរ។
43. គេនឹងនៅតែទិញដីធ្លីក្នុងស្រុកដែលអ្នកពោលថា ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ជាស្រុកដែលវិនាសហិនហោច លែងមានមនុស្ស សត្វរស់នៅតទៅទៀត។
44. គេនឹងថ្លឹងប្រាក់ទិញដីធ្លី គេនឹងធ្វើលិខិតបញ្ជាក់ទិញ ហើយបិទត្រា ព្រមទាំងរកសាក្សីឲ្យដឹងឮផង គឺនៅក្នុងទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម ក្រុងនានាក្នុងស្រុកយូដា ក្រុងនានានៅតំបន់ភ្នំ ក្រុងនានានៅតំបន់វាលទំនាប និងក្រុងនានានៅតំបន់ណេកិប ដ្បិតយើងនឹងស្ដារស្រុកទេសនេះឡើងវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។