25. ឱព្រះជាអម្ចាស់អើយ ក្រុងនេះជិតធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេហើយ ហេតុអ្វីបានជាព្រះអង្គប្រាប់ឲ្យទូលបង្គំយកប្រាក់ទិញដីចម្ការ ដោយមានសាក្សីដឹងឮទៅវិញ?
26. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
27. «យើងជាព្រះអម្ចាស់ ជាព្រះរបស់មនុស្សលោកទាំងមូល គ្មានការអស្ចារ្យអ្វីដែលយើងធ្វើមិនកើតនោះឡើយ។
28. ហេតុនេះហើយបានជាយើងប្រាប់អ្នកថា: យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ និងក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងដណ្ដើមយកក្រុងនេះ។
29. ជនជាតិខាល់ដេដែលកំពុងតែវាយលុកក្រុងនេះ នឹងនាំគ្នាចូលមកដុតកម្ទេចទីក្រុង ហើយដុតកម្ទេចផ្ទះដែលមានកន្លែងដុតគ្រឿងសក្ការៈនៅតាមដំបូល សម្រាប់សែនព្រះបាល និងច្រួចស្រាសែនព្រះដទៃ ជាហេតុនាំឲ្យយើងខឹង។
30. ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ចេះតែនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលទាស់ចិត្តយើងតាំងពីដើមរៀងមក។ ជនជាតិអ៊ីស្រាអែលចេះតែធ្វើឲ្យយើងខឹង ព្រោះតែស្នាដៃរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31. អ្នកក្រុងយេរូសាឡឹមតែងតែធ្វើឲ្យយើងខឹង តាំងពីថ្ងៃដែលយើងបានសង់ក្រុងនេះ រហូតមកទល់សព្វថ្ងៃ ជាហេតុនាំឲ្យយើងបណ្ដេញពួកគេចេញពីមុខយើង។
32. ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា គឺទាំងប្រជាជន ទាំងស្ដេច ទាំងមន្ត្រី ទាំងបូជាចារ្យ ទាំងព្យាការី ទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹមនាំគ្នាប្រព្រឹត្តអំពើអាក្រក់បញ្ឆេះកំហឹងយើង។
33. ពួកគេងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើង។ ទោះបីយើងបានទូន្មានប្រៀនប្រដៅពួកគេជារៀងរហូតមកក្ដី ក៏ពួកគេពុំព្រមស្ដាប់ ពុំព្រមរៀនដែរ។
34. ពួកគេយករូបព្រះដ៏គួរស្អប់ខ្ពើម មកដាក់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង។
35. ពួកគេបានសង់កន្លែងសក្ការៈនៅទួលខ្ពស់សម្រាប់ព្រះបាល ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួន ទៅសែនព្រះម៉ូឡុក ដោយដុតទាំងរស់។ យើងពុំដែលបង្គាប់ឲ្យគេធ្វើអំពើបែបនេះសោះ យើងក៏មិនដែលនឹកឃើញអំពីការនេះដែរ គឺធ្វើឲ្យជនជាតិយូដាមានទោស ព្រោះតែអំពើព្រៃផ្សៃ»។
36. ប៉ុន្តែ ទោះជាយ៉ាងណាក្ដី យើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល យើងសុំប្រាប់អ្នកឲ្យបានដឹងអំពីក្រុងដែលអ្នកពោលថា នឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយអ្នកក្រុងនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។
37. នៅគ្រាដែលយើងខឹងសម្បារ យើងបានកំចាត់កំចាយប្រជាជននេះឲ្យទៅនៅគ្រប់ប្រទេស តែយើងនឹងប្រមូលពួកគេ ហើយនាំពួកគេវិលមកកន្លែងនេះវិញ ឲ្យរស់នៅយ៉ាងសុខសាន្ត។
38. ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ។
39. យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។
40. យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។
41. យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។