13. ខ្ញុំបង្គាប់លោកបារូកនៅចំពោះមុខពួកគេ ដូចតទៅ៖
14. «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ចូរយកលិខិតបញ្ជាក់ទិញដីនេះ គឺទាំងលិខិតមានបិទត្រា និងលិខិតនៅចំហ ទៅដាក់ក្នុងឆ្នាំងដីមួយ ដើម្បីរក្សាទុកឲ្យបានយូរ។
15. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: នៅក្នុងស្រុកនេះ ប្រជាជននៅតែទិញផ្ទះ ទិញដីស្រែ និងទិញចម្ការទំពាំងបាយជូរបន្តទៅទៀត”»។
16. ក្រោយបានប្រគល់លិខិតបញ្ជាក់ទិញដីទៅបារូក ជាកូនរបស់លោកនេរីយ៉ារួចហើយ ខ្ញុំក៏ទូលអង្វរព្រះអម្ចាស់ដូចតទៅ:
17. បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដីដោយមហិទ្ធិឫទ្ធិ និងព្រះបារមីរបស់ព្រះអង្គ។ តើមានការអស្ចារ្យអ្វីដែលព្រះអង្គធ្វើមិនកើត?
18. ព្រះអង្គសម្តែងព្រះហឫទ័យប្រណីសន្ដោសរហូតដល់រាប់ពាន់តំណ។ ពេលឪពុកធ្វើខុស ព្រះអង្គដាក់ទោសកូនចៅនៅជំនាន់ក្រោយ។ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម និងប្រកបដោយព្រះចេស្ដា។ ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។