1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា នៅឆ្នាំទីដប់នៃរជ្ជកាលព្រះបាទសេដេគាជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលព្រះចៅនេប៊ូក្នេសា។
2. ពេលនោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ឡោមព័ទ្ធក្រុងយេរូសាឡឹម។ រីឯព្យាការីយេរេមាត្រូវគេឃុំនៅពន្ធនាគារ ក្នុងវាំងស្ដេចស្រុកយូដា។
3. ព្រះបាទសេដេគាជាស្ដេចស្រុកយូដា ឲ្យគេយកលោកទៅឃុំឃាំងទាំងមានរាជឱង្ការដូចតទៅ៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដណ្ដើមយកទីក្រុង។
4. សេដេគា ជាស្ដេចស្រុកយូដា ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ជនជាតិខាល់ដេបានទេ។ គេនឹងប្រគល់ស្ដេចនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនពិតប្រាកដមែន។ សេដេគានឹងឃើញស្ដេចស្រុកបាប៊ីឡូនផ្ទាល់ភ្នែក និយាយគ្នាផ្ទាល់មាត់
5. ហើយស្ដេចស្រុកបាប៊ីឡូននឹងនាំស្ដេចសេដេគាទៅស្រុកបាប៊ីឡូនទៀតផង។ ស្ដេចត្រូវនៅទីនោះរហូតដល់ពេលដែលយើងប្រោសប្រណី” - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បើអ្នករាល់គ្នានៅតែធ្វើសឹកជាមួយជនជាតិខាល់ដេ អ្នករាល់គ្នាពុំអាចឈ្នះបានឡើយ»។
6. លោកយេរេមាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
7. ហាណាមាលកូនរបស់សាលូម ជាឪពុកមារបស់អ្នក នឹងមកជួបអ្នក ហើយពោលថា “សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោតទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ” »។
8. លោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ មកជួបខ្ញុំនៅទីឃុំឃាំង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ គាត់ពោលមកខ្ញុំថា៖ «សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ!»។ ពេលនោះ ខ្ញុំយល់ឃើញថា នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។
9. ខ្ញុំក៏ទិញដីចម្ការនៅអាណាថោត ពីលោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ។ ខ្ញុំបានថ្លឹងប្រាក់ប្រាំតម្លឹងឲ្យគាត់។
10. ខ្ញុំធ្វើលិខិតបញ្ជាក់មួយ និងបិទត្រា ដោយមានសាក្សីដឹងឮ រួចថ្លឹងប្រាក់លើជញ្ជីង។
11. បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។
12. ខ្ញុំប្រគល់លិខិតបញ្ជាក់ទិញដីនោះទៅឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅចំពោះមុខលោកហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ដោយមានសាក្សីដែលបានចុះហត្ថលេខានៅលើលិខិតបញ្ជាក់ ព្រមទាំងជនជាតិយូដាដែលស្ថិតនៅក្នុងទីឃុំឃាំងនោះដឹងឮផង។
13. ខ្ញុំបង្គាប់លោកបារូកនៅចំពោះមុខពួកគេ ដូចតទៅ៖
14. «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ចូរយកលិខិតបញ្ជាក់ទិញដីនេះ គឺទាំងលិខិតមានបិទត្រា និងលិខិតនៅចំហ ទៅដាក់ក្នុងឆ្នាំងដីមួយ ដើម្បីរក្សាទុកឲ្យបានយូរ។
15. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: នៅក្នុងស្រុកនេះ ប្រជាជននៅតែទិញផ្ទះ ទិញដីស្រែ និងទិញចម្ការទំពាំងបាយជូរបន្តទៅទៀត”»។