1. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«នៅគ្រានោះ យើងនឹងធ្វើជាព្រះរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូលពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
2. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖«នៅវាលរហោស្ថានយើងបានសម្តែងការប្រណីសន្ដោសដល់ប្រជាជនដែលសេសសល់ពីស្លាប់ក្នុងចំបាំងហើយអ៊ីស្រាអែលនឹងបានសុខសាន្តត្រាណ។
3. ពួកគេពោលថា ព្រះអម្ចាស់បានសម្តែងព្រះអង្គឲ្យខ្ញុំឃើញពីចម្ងាយ។ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា“យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នកព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។
4. នាងព្រហ្មចារីអ៊ីស្រាអែលអើយ!យើងនឹងស្អាងនាងឲ្យមាំមួនឡើងវិញរួចនាងនឹងចេញមកលោតរាំទាំងលេងក្រាប់យ៉ាងសប្បាយ។
5. នាងនឹងដាំទំពាំងបាយជូរក្នុងចម្ការនៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ”។
6. បន្តិចទៀត ពួកអ្នកយាមនឹងស្រែកនៅលើភ្នំអេប្រាអ៊ីមថា:“ចូរក្រោកឡើង!យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូនថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់យើង!”»
7. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរហ៊ោកញ្ជ្រៀវអបអរសាទរកូនចៅយ៉ាកុប!ចូរទទួលប្រជាជនដែលជាមេដឹកនាំនៃប្រជាជាតិទាំងឡាយឲ្យបានគគ្រឹកគគ្រេងឡើង!ចូរបន្លឺសំឡេង ចូរលើកតម្កើងព្រះអម្ចាស់!ហើយពោលថា: “ព្រះអម្ចាស់អើយ!សូមសង្គ្រោះប្រជារាស្ដ្ររបស់ព្រះអង្គគឺជនជាតិអ៊ីស្រាអែលដែលនៅសេសសល់”។
8. យើងនឹងនាំពួកគេមកពីស្រុកខាងជើងហើយក៏ប្រមូលពួកគេពីទីដាច់ស្រយាលនៃផែនដីមកវិញដែរ។ពួកគេមកទាំងអស់គ្នាគឺមានទាំងមនុស្សខ្វាក់មនុស្សខ្វិនស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន។ពួកគេវិលត្រឡប់មកវិញយ៉ាងច្រើនឥតគណនា។
9. ពួកគេមកដល់ ទាំងយំផង ទាំងទូលអង្វរផងយើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើគ្មានអ្វីជំពប់ជើង តម្រង់ទៅកន្លែងដែលមានទឹកហូរដ្បិតយើងជាឪពុករបស់ជនជាតិអ៊ីស្រាអែលហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។
10. ប្រជាជាតិទាំងឡាយអើយចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយផ្សព្វផ្សាយរហូតដល់កោះឆ្ងាយៗ!ចូរប្រកាសថា:«ព្រះដែលកំចាត់កំចាយជនជាតិអ៊ីស្រាអែលទ្រង់ប្រមូលពួកគេមកវិញហើយព្រះអង្គថែរក្សាអ៊ីស្រាអែលដូចគង្វាលរក្សាហ្វូងចៀមរបស់ខ្លួន។