14. គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយគ្មាននរណានឹកនាដល់អ្នកទៀតទេដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នកយើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនានិងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
15. ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរព្រោះមហន្តរាយកើតដល់អ្នកធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ?យើងធ្វើទោសអ្នកខ្លាំងដូច្នេះព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនានិងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
16. ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នកមុខជាត្រូវគេលេបត្របាក់វិញបច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយទាំងអស់គ្នា។អស់អ្នកដែលកម្ទេចអ្នក នឹងត្រូវគេកម្ទេចវិញយើងនឹងធ្វើឲ្យពួកដែលប្លន់អ្នកត្រូវគេប្លន់វិញដែរ។
17. យើងនឹងលើកអ្នកឡើងវិញយើងនឹងប្រោសឲ្យមុខរបួសអ្នកបានជាសះស្បើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ពួកគេហៅអ្នកថា“ក្រុងដែលគេបោះបង់ចោល”គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
18. ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«យើងនឹងស្ដារពូជពង្សរបស់យ៉ាកុបឡើងវិញយើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញហើយសង់វិមាននៅកន្លែងដើមវិញដែរ។
19. ការសរសើរតម្កើង និងសំណើចក្អាកក្អាយនឹងលាន់ឮឡើងពីក្នុងចំណោមពួកគេ។យើងនឹងធ្វើឲ្យគេកើនចំនួនច្រើនឡើងៗគឺគេមិនចុះថយឡើយ។យើងនឹងលើកតម្កើងពួកគេគឺគេមិនទន់ទាបទៀតទេ។
20. កូនចៅរបស់គេនឹងបានដូចពីដើមសហគមន៍របស់គេនឹងស្ថិតស្ថេរនៅចំពោះមុខយើង ហើយយើងនឹងដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។
21. មេដឹកនាំនឹងកើតចេញពីចំណោមពួកគេអ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើងដ្បិតគ្មាននរណាហ៊ានចូលមកជិតយើងដោយចិត្តឯងឡើយ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
22. អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើងហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។
23. ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមកដូចជាខ្យល់ព្យុះ។ព្រះពិរោធនេះប្រៀបដូចជាព្យុះសង្ឃរាបក់នៅលើក្បាលរបស់ពួកទុច្ចរិត។
24. ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់នឹងមិនងាករេចេញឡើយដរាបណាទាល់តែបានសម្រេចតាមគម្រោងការរបស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។នៅគ្រាចុងក្រោយ អ្នករាល់គ្នាមុខជាមានប្រាជ្ញាយល់មិនខាន!។