1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ:
2. ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរកត់ត្រាទុកក្នុងក្រាំងមួយនូវពាក្យទាំងប៉ុន្មាន ដែលយើងប្រាប់អ្នក។
3. នៅគ្រាខាងមុខ យើងនឹងស្ដារអ៊ីស្រាអែល និងយូដាជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ។ យើងនឹងនាំពួកគេវិលត្រឡប់មកស្រុក ដែលយើងបានប្រគល់ឲ្យដូនតារបស់ពួកគេវិញ ហើយពួកគេនឹងកាន់កាប់ទឹកដីនេះ»។
4. ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ដូចតទៅ:
5. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងឮសម្រែកភ័យខ្លាចចលាចលកើតមាននៅក្នុងស្រុកគឺមិនមែនសន្តិភាពទេ!
6. ចូរស៊ើបសួរ ហើយពិនិត្យមើលចុះតើប្រុសៗធ្លាប់មានផ្ទៃពោះឬទេ?ចុះហេតុដូចម្ដេចបានជាប្រុសៗទាំងអស់យកដៃឱបពោះរបស់ខ្លួនដូចស្ត្រីហៀបនឹងសម្រាលកូនដូច្នេះ?ហេតុអ្វីបានជាផ្ទៃមុខរបស់ពួកគេស្លេកស្លាំង?
7. វេទនាហើយ! ដ្បិតថ្ងៃនោះជាថ្ងៃដ៏សែនវេទនាដែលគ្មានថ្ងៃណាមួយប្រដូចបានឡើយគឺជាថ្ងៃដែលកូនចៅរបស់យ៉ាកុបត្រូវឈឺចុកចាប់យ៉ាងខ្លាំង។ប៉ុន្តែ ពួកគេមុខជាបានរួចជីវិត»។
8. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«នៅថ្ងៃនោះ យើងនឹងបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ពួកគេយើងនឹងផ្ដាច់ចំណងចេញពីពួកគេជនបរទេសនឹងលែងយកពួកគេធ្វើជាខ្ញុំបម្រើទៀតហើយ។
9. ពួកគេនឹងគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់ពួកគេហើយគោរពបម្រើពូជពង្សរបស់ដាវីឌដែលយើងនឹងតែងតាំងឲ្យគ្រងរាជ្យលើពួកគេ។
10. កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយកុំភ័យខ្លាចអ្វីឡើយ!-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម!យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យវិលត្រឡប់មកពីទឹកដីដ៏ឆ្ងាយវិញយើងនឹងសង្គ្រោះពូជពង្សរបស់អ្នករាល់គ្នាពីស្រុកដែលគេជាប់ជាឈ្លើយសឹក។កូនចៅយ៉ាកុបនឹងវិលមកវិញគេនឹងរស់នៅយ៉ាងសុខសាន្តគ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
11. យើងស្ថិតនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងលុបបំបាត់ប្រជាជាតិនានាដែលយើងបានកំចាត់កំចាយអ្នកឲ្យទៅនៅក្នុងចំណោមពួកគេតែយើងមិនលុបបំបាត់អ្នកឡើយ។យើងបានដាក់ទោសអ្នកដោយយុត្តិធម៌យើងមិនអាចចាត់ទុកអ្នកថាគ្មានទោសទេ»។
12. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«របួសរបស់អ្នកមើលមិនជាទេដំបៅរបស់អ្នកក៏មិនអាចសះដែរ។
13. គ្មាននរណារកយុត្តិធម៌ឲ្យអ្នកនិងរុំរបួសឲ្យអ្នកទេហើយក៏គ្មានថ្នាំដ៏ស័ក្ដិសិទ្ធិណាអាចផ្សះរបួសរបស់អ្នកដែរ។
14. គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយគ្មាននរណានឹកនាដល់អ្នកទៀតទេដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នកយើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនានិងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
15. ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរព្រោះមហន្តរាយកើតដល់អ្នកធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ?យើងធ្វើទោសអ្នកខ្លាំងដូច្នេះព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនានិងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។