5. តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។អ្នកពោលដូច្នេះតែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។
6. នៅរជ្ជកាលព្រះបាទយ៉ូសៀស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវ៉ានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។
7. យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រាអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ ក៏បានឃើញដែរ។
8. យើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវ៉ា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះឲ្យដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូនដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។
9. ដោយសារអ៊ីស្រាអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។
10. ទោះបីយ៉ាងនេះក្ដី យូដា ជាប្អូនដែលផិតក្បត់ មិនបានវិលមករកយើងដោយចិត្តស្មោះឡើយ គឺគេគ្រាន់តែនិយាយប៉ុណ្ណោះ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ៊ីស្រាអែលសាវ៉ាគ្រាន់បើជាងយូដាដែលផិតក្បត់។
12. ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖អ៊ីស្រាអែលសាវ៉ាអើយ ចូរវិលមកវិញយើងនឹងមិនប្រកាន់ទោសនាងទៀតទេដ្បិតយើងមានមេត្តាករុណាយើងមិនចងកំហឹងរហូតតទៅឡើយ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. ចូរទទួលស្គាល់កំហុសរបស់ខ្លួនតែប៉ុណ្ណោះបានហើយគឺនាងបានបះបោរប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់នាងនាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែងគឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចីហើយនាងពុំបានស្ដាប់សំឡេងយើងទេ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា។ យើងនឹងយកម្នាក់ពីក្រុងមួយ ហើយយកពីរនាក់ទៀតពីកុលសម្ព័ន្ធមួយ ដើម្បីនាំអ្នករាល់គ្នាមកក្រុងស៊ីយ៉ូនវិញ។
15. យើងនឹងតែងតាំងមេដឹកនាំដែលគាប់ចិត្តយើង ឲ្យមកថែទាំអ្នករាល់គ្នាដោយយកចិត្តទុកដាក់ និងប្រកបដោយប្រាជ្ញា។
16. នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុកហើយ នឹងលែងមានគេនិយាយអំពីហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ទៀត ហើយក៏គ្មាននរណានឹកនា រវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញទេ។
17. នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា “បល្ល័ង្ករបស់ព្រះអម្ចាស់” ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីជួបព្រះអម្ចាស់។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ។
18. នៅគ្រានោះ ជនជាតិយូដានឹងរួបរួមជាមួយជនជាតិអ៊ីស្រាអែល ហើយពួកគេនឹងធ្វើដំណើរជាមួយគ្នា ពីស្រុកខាងជើងមកដល់ទឹកដី ដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់គេទុកជាមត៌ក។
19. យើងគិតថា យើងសប្បាយចិត្តនឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។យើងគិតថា អ្នកនឹងហៅយើងថា “ព្រះបិតា”ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
20. ប៉ុន្តែ ជនជាតិអ៊ីស្រាអែលអើយអ្នករាល់គ្នាបានក្បត់ចិត្តយើងដូចស្ត្រីក្បត់ចិត្តប្ដីដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំគឺជាសម្រែកយំសោក និងសម្រែកអង្វរកររបស់ជនជាតិអ៊ីស្រាអែលដ្បិតពួកគេបានវង្វេងចេញពីមាគ៌ាគេបានបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេ។