17. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “យើងនឹងប្រើដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគទៅប្រហារពួកគេ គឺយើងធ្វើឲ្យពួកគេបានដូចផ្លែឧទុម្ពរស្អុយ ដែលបរិភោគមិនកើត។
18. យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកំចាត់កំចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។
19. ការទាំងនេះកើតមាន ព្រោះពួកគេមិនស្ដាប់ពាក្យយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- យើងបានចាត់ព្យាការី ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរហូតមក តែពួកគេពុំព្រមស្ដាប់ទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
20. រីឯអ្នកទាំងអស់គ្នាដែលព្រះអម្ចាស់បានដេញចេញពីក្រុងយេរូសាឡឹមមកបាប៊ីឡូន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ!
21. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្ដីអំពីអហាប់ ជាកូនរបស់កូឡាយ៉ា និងសេដេគា ជាកូនរបស់ម៉ាសេយ៉ាថា: “អ្នកទាំងពីរបានប្រកាសពាក្យក្លែងក្លាយ ក្នុងនាមយើង ប្រាប់អ្នករាល់គ្នា។ ហេតុនេះ យើងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនេប៊ូក្នេសានឹងប្រហារជីវិតអ្នកទាំងពីរ នៅមុខអ្នករាល់គ្នា។
22. ក្នុងចំណោមប្រជាជនយូដាទាំងអស់ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន គេនឹងយកឈ្មោះអ្នកទាំងពីរទៅដាក់បណ្ដាសាគ្នាថា: សូមព្រះអម្ចាស់ដាក់ទោសឯង ដូចសេដេគា និងអហាប់ ដែលស្ដេចស្រុកបាប៊ីឡូន ឲ្យគេយកទៅដុតនៅក្នុងភ្លើង!
23. អ្នកទាំងពីរបានប្រព្រឹត្តអំពើដ៏អាស្រូវក្នុងស្រុកអ៊ីស្រាអែល គឺប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ ហើយពោលពាក្យក្លែងក្លាយក្នុងនាមយើង ដោយយើងមិនបានបង្គាប់ឲ្យគេប្រកាសសោះ។ យើងជាសាក្សីដឹងឮអំពីរឿងនេះមែន! -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់”»។
24. «ចូរប្រាប់សេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំថា
25. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកបានផ្ញើសំបុត្រក្នុងនាមអ្នកផ្ទាល់ ទៅឲ្យប្រជាជនទាំងមូលនៅក្រុងយេរូសាឡឹម ព្រមទាំងបូជាចារ្យសេផានា ជាកូនរបស់ម៉ាសេយ៉ា និងបូជាចារ្យទាំងអស់ មានសេចក្ដីដូចតទៅ:
26. “លោកសេផានាអើយ ព្រះអម្ចាស់តែងតាំងលោកជាបូជាចារ្យ ជំនួសបូជាចារ្យយេហូយ៉ាដា ដើម្បីឲ្យលោកទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាព្យាការី។ លោកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។
27. ឥឡូវនេះ ហេតុដូចម្ដេចបានជាលោកមិនដាក់ទោសយេរេមា ជាអ្នកស្រុកអាណាថោត ដែលតាំងខ្លួនជាព្យាការីក្នុងចំណោមអ្នករាល់គ្នាដូច្នេះ?
28. គាត់សរសេរសំបុត្រមកពួកយើងនៅស្រុកបាប៊ីឡូននេះថា: អ្នករាល់គ្នាត្រូវតែរស់នៅទីនេះយ៉ាងយូរ ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ!”»។
29. បូជាចារ្យសេផានាអានសំបុត្រនោះឲ្យព្យាការីយេរេមាស្ដាប់។
30. ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖