1. ព្យាការីយេរេមាផ្ញើលិខិតមួយច្បាប់ ពីក្រុងយេរូសាឡឹម ទៅជូនក្រុមព្រឹទ្ធាចារ្យ ព្រមទាំងក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងអស់ ដែលព្រះចៅនេប៊ូក្នេសាបានកៀរពីក្រុងយេរូសាឡឹម យកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន
2. ក្រោយពេលដែលព្រះបាទយេកូនាស សម្ដេចមាតា ពួកមហាតលិក ពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូសាឡឹមទៅ។
3. ព្យាការីយេរេមាផ្ញើលិខិតនេះទៅក្រុងបាប៊ីឡូន តាមលោកអេឡាសារ ជាកូនរបស់លោកសាផាន និងលោកកេម៉ារា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ចាត់ឲ្យទៅគាល់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ សេចក្ដីក្នុងសំបុត្រនោះមានដូចតទៅ៖
4. «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកកាន់អស់អ្នកដែលព្រះអង្គឲ្យគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា:
5. “ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។
6. ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅឲ្យមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូន ពូនជាចៅឲ្យបានកើនចំនួនច្រើនឡើងនៅកន្លែងនោះ កុំចុះថយឡើយ។
7. យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចម្រុងចម្រើនឡើង ចូរទូលអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។
8. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: “មិនត្រូវចាញ់បោកពួកព្យាការី ឬពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ
9. ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេឲ្យមកទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគម្រប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។
11. យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។