9. ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងដឹងថា ព្រះអម្ចាស់ចាត់ព្យាការីនោះឲ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្ត ដូចពាក្យគាត់ប្រកាស»។
10. ពេលនោះ ព្យាការីហាណានាបានដោះនឹមចេញពីស្មារបស់ព្យាការីយេរេមា មកកាច់បំបាក់
11. ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា: ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការីយេរេមាក៏ដើរចេញពីកន្លែងនោះទៅ។
12. បន្ទាប់ពីព្យាការីហាណានាបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ៖
13. «ចូរទៅប្រាប់ហាណានាថា: ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ: អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។
14. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងនោះ ដើម្បីបង្ក្រាបពួកគេឲ្យនៅក្រោមអំណាចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើនេប៊ូក្នេសា សូម្បីតែសត្វព្រៃក៏យើងប្រគល់ឲ្យស្ដេចនោះដែរ»។
15. បន្ទាប់មក ព្យាការីយេរេមាមានប្រសាសន៍ទៅកាន់ព្យាការីហាណានាថា៖ «លោកហាណានាអើយ! សូមស្ដាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឲ្យមកទេ! លោកនាំប្រជាជននេះឲ្យសង្ឃឹមលើពាក្យមិនពិត។
16. ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្ដេញអ្នកឲ្យចាកចេញពីផែនដី! ឆ្នាំនេះ អ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។
17. ព្យាការីហាណានាក៏ទទួលមរណភាព នៅខែទីប្រាំពីរ នាឆ្នាំនោះ។