8. ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបម្រើនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេឲ្យវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ គ្រូកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ
10. ដ្បិតពួកគេទាយកុហក ធ្វើឲ្យអ្នករាល់គ្នាចាកចេញឆ្ងាយពីទឹកដីរបស់ខ្លួន គឺឲ្យយើងកំចាត់កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវវិនាស។
11. ផ្ទុយទៅវិញ បើប្រជាជាតិណាសុខចិត្តនៅក្រោមនឹម និងបម្រើស្ដេចស្រុកបាប៊ីឡូន យើងនឹងឲ្យប្រជាជាតិនោះបានសេចក្ដីសុខនៅក្នុងស្រុក ព្រមទាំងធ្វើស្រែចម្ការ និងរស់នៅលើទឹកដីរបស់ខ្លួន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ខ្ញុំក៏បាននាំពាក្យទាំងនេះទៅទូលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ដូចតទៅ: សូមព្រះករុណា និងប្រជាជនដាក់ខ្លួននៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូន សូមបម្រើស្ដេច និងប្រជារាស្ត្រនោះទៅ ទើបព្រះករុណា និងប្រជាជនយូដាបានរួចជីវិត។
13. មិនគួរឲ្យព្រះករុណា និងប្រជាជនត្រូវបាត់បង់ជីវិត ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកអំពីប្រជាជាតិ ដែលពុំព្រមបម្រើស្ដេចស្រុកបាប៊ីឡូននោះឡើយ។
14. សូមកុំស្ដាប់ពាក្យរបស់ពួកព្យាការីដែលពោលថា “អ្នករាល់គ្នានឹងមិនបម្រើស្ដេចស្រុកបាប៊ីឡូនទេ” ដ្បិតពាក្យដែលគេថ្លែងនោះមិនពិតឡើយ។
15. ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងពុំបានចាត់អ្នកទាំងនោះឲ្យមកទេ ពួកគេបានយកឈ្មោះយើងមកប្រើ ដើម្បីថ្លែងពាក្យកុហក ធ្វើឲ្យយើងកំចាត់កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នា ព្រមទាំងពួកព្យាការី ដែលថ្លែងពាក្យក្លែងក្លាយប្រាប់អ្នករាល់គ្នាមុខជាត្រូវវិនាសពុំខាន។
16. ខ្ញុំបានប្រាប់ក្រុមបូជាចារ្យ និងប្រជាជនទាំងមូលដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ព្យាការីរបស់អ្នករាល់គ្នាបានប្រកាសថា “សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នឹងត្រូវគេនាំយកពីស្រុកបាប៊ីឡូនមកវិញ ក្នុងពេលឆាប់ៗ!” កុំស្ដាប់ពាក្យគេឲ្យសោះ ដ្បិតសេចក្ដីដែលគេថ្លែងនោះមិនពិតទេ។
17. កុំស្ដាប់ព្យាការីទាំងនោះឡើយ ចូរនាំគ្នាបម្រើស្ដេចស្រុកបាប៊ីឡូនវិញ ទើបអ្នករាល់គ្នាបានរួចជីវិត។ កុំបណ្ដោយឲ្យក្រុងនេះវិនាសឡើយ។
18. ប្រសិនបើអ្នកទាំងនោះពិតជាព្យាការី ហើយប្រសិនបើព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈពួកគេមែន ចូរឲ្យពួកគេទូលអង្វរព្រះអម្ចាស់នៃពិភពទាំងមូល សូមឲ្យសម្ភារៈដែលនៅសេសសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្នុងដំណាក់របស់ស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡឹម បានគង់វង្ស គឺកុំឲ្យគេដឹកយកទៅក្រុងបាប៊ីឡូនឡើយ។
19. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលអំពីសសរ អាងធំ និងដែកកំណល់ ព្រមទាំងរបស់ឯទៀតៗដែលនៅសេសសល់ក្នុងក្រុងនេះ
20. គឺរបស់ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ពុំបានយកទៅជាមួយ នៅពេលស្ដេចចាប់ព្រះបាទយេកូនាស បុត្ររបស់ព្រះបាទយេហូយ៉ាគីម ជាស្ដេចស្រុកយូដា ព្រមទាំងអ្នកធំនៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា យកពីក្រុងយេរូសាឡឹម ទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។
21. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្ដីអំពីសម្ភារៈដែលនៅសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរបស់នៅក្នុងដំណាក់ស្ដេច ព្រមទាំងរបស់នៅក្នុងក្រុងយេរូសាឡឹមថា:
22. គេនឹងដឹកជញ្ជូនរបស់ទាំងនោះទៅស្រុកបាប៊ីឡូន រួចទុកនៅទីនោះ រហូតដល់ថ្ងៃដែលយើងនឹងមក ហើយនាំយកទៅទុកនៅកន្លែងដើមវិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។