6. ឥឡូវនេះ យើងប្រគល់ស្រុកទាំងនេះទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើង។ សូម្បីតែសត្វព្រៃទាំងឡាយ ក៏យើងដាក់ឲ្យនៅក្រោមអំណាចនេប៊ូក្នេសាដែរ។
7. ប្រជាជាតិទាំងអស់នឹងនាំគ្នាបម្រើនេប៊ូក្នេសា ព្រមទាំងកូន និងចៅរបស់គេ រហូតដល់ពេលកំណត់ ដែលស្រុករបស់នេប៊ូក្នេសាត្រូវប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកធ្វើជាចំណុះ។
8. ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបម្រើនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេឲ្យវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ គ្រូកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ
10. ដ្បិតពួកគេទាយកុហក ធ្វើឲ្យអ្នករាល់គ្នាចាកចេញឆ្ងាយពីទឹកដីរបស់ខ្លួន គឺឲ្យយើងកំចាត់កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវវិនាស។
11. ផ្ទុយទៅវិញ បើប្រជាជាតិណាសុខចិត្តនៅក្រោមនឹម និងបម្រើស្ដេចស្រុកបាប៊ីឡូន យើងនឹងឲ្យប្រជាជាតិនោះបានសេចក្ដីសុខនៅក្នុងស្រុក ព្រមទាំងធ្វើស្រែចម្ការ និងរស់នៅលើទឹកដីរបស់ខ្លួន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ខ្ញុំក៏បាននាំពាក្យទាំងនេះទៅទូលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ដូចតទៅ: សូមព្រះករុណា និងប្រជាជនដាក់ខ្លួននៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូន សូមបម្រើស្ដេច និងប្រជារាស្ត្រនោះទៅ ទើបព្រះករុណា និងប្រជាជនយូដាបានរួចជីវិត។
13. មិនគួរឲ្យព្រះករុណា និងប្រជាជនត្រូវបាត់បង់ជីវិត ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកអំពីប្រជាជាតិ ដែលពុំព្រមបម្រើស្ដេចស្រុកបាប៊ីឡូននោះឡើយ។